ឯកឧត្តម ហ៊ុន ម៉ាណែតតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ បានយកគោលនយោបាយបង្រួបបង្រួមជាតិ និងការសង្គ្រោះជីវិតពលរដ្ឋជាកត្តាចម្បងអាទិភាពខ្ពស់បំផុត

កំពង់ចាម :  ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តត្រពាំងអំពិល និងបើកការដ្ឋានស្ថាបនាផ្លូវបេតុង ០១ ខ្សែ ប្រវែង ៥.០០០ ម៉ែត្រ ស្ថិតក្នុង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម  នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ នេះ  ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាន ថ្លែង ថា  សម្តេចតេជោ បានយកគោលនយោបាយបង្រួបបង្រួមជាតិ និងការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋជាកត្តាចម្បងអាទិភាពខ្ពស់បំផុត ដែលសក្ខីភាពនេះបានបង្ហាញច្បាស់តាមរយៈភាពអង់អាចក្លាហានរបស់សម្តេចក្នុងការចូលរួមផ្តួលរំលំរបបប៉ុលពត  ការចចារបញ្ចប់ សង្គ្រាម រុំារ៉ៃ នាំមកនូវសន្តិភាពពេញលេញ និងក្នុងដំណាក់កាលចុងក្រោយនេះ សម្តេចបានដឹកនាំ និងនាំមុខ ក្នុងយុទ្ធនាការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ រហូតទទួលបានជោគជ័យគួរជាទីមោទនៈ។

 

ក្នុង ឱកាស នោះ ដែរ  ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត  បាន បន្ត ថា  សន្តិភាព មានតម្លៃដ៏លើសលប់នៅពេលដែលសង្រ្គាមចាប់ផ្តើមកើតទ្បើង។ គុណតម្លៃនេះប្រៀបបានទៅនឹងខ្យល់អុកស៊ីសែន ដែលជាតម្រូវការចាំបាច់សម្រាប់ការរស់រានមានជីវិត ប៉ុន្តែជាធម្មតាគេមិនសូវជាចាប់អារម្មណ៍ និងឱ្យតម្លៃនោះទេ។ ក្នុងន័យនេះ សម្តេចតេជោ និងគណបក្ស ប្រជាជន កម្ពុជា  បាន ប្តេជ្ញា ធ្វើយ៉ាងណាថែរក្សាសនិ្តភាព ដែលរកមកបានដោយលំបាកនេះ ឱ្យនៅឋិតឋេរគង់វង្ស ជូនប្រជាពលរដ្ឋ ជាម្ចាស់ស្រុកបាន យូរអង្វែង ច្រើនជំនាន់ ឱ្យស័ក្តិសមទៅនឹងទំនុកចិត្តដែលបានផ្តល់ជូន ទន្ទឹមនឹងនេះ ក៏នឹងបន្តពង្រីក ឱកាស សម្រាប់ ជីវភាព ចម្រុងចម្រើនថែមទៀតរបស់ប្រជាពលរដ្ឋ។

 

ជាមួយ គ្នានោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត  ក៏បាន លេីក ឡើង ថា  បើយើងគិតពីចំនួនវត្តអារាមនៅទូទាំងប្រទេសរហូតដល់ជាង ៥,០០០ វត្ត គឺរដ្ឋមិនមានលទ្ធភាពក្នុងការកសាងបានច្រើនសម្បូរបែបដូចនេះឡើយ ប៉ុន្តែដោយផ្អែកទៅលើវប្បធម៌នៃការចែករំលែករបស់ខ្មែរយើង និងការចូលរួមរបស់បងប្អូនពុទ្ធបរិស័ទ សប្បុរសជនទាំងក្នុងនិងក្រៅស្រុក ដែលមានជំនឿ និងសទ្ធាជ្រះថ្លាលើសាសនា ទើបអាចសម្រេចបានសមិទ្ធផលដ៏ថ្លៃថ្លាជាច្រើនដូចសព្វថ្ងៃនេះ  ៕