គ្រាប់បែកទម្ងន់ជិត ១ពាន់គីឡូក្រាម ១គ្រាប់ ត្រូវបានប្រទះឃើញនៅពេលស្តារកាយល្បាប់បាតទន្លេបួនមុខក្បែរសណ្ឋាគារសុខា

ភ្នំពេញ៖ កំលាំងជំនាញគ្រាប់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ បានធ្វើការត្រួតពិនិត្យ និងបោសសំអាត គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ AN-M66 ឬAN-M34 ដែលបានប្រទះឃើញញនៅពេលស្តារកាយល្បាប់បាតទន្លេ ស្ថិតនៅទន្លេបួនមុខក្បែរសណ្ឋាគារសុខាភ្នំពេញ និងទល់មុខព្រះបរមរាជវាំង។

យោងតាមហ្វេសបុកផេករបស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឲ្យដឹងថា គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ AN-M66 នេះមានទម្ងន់ជិត ១.០០០គីឡូក្រាម មានជាតិផ្ទុះជាង ៥០០គីឡូក្រាម ដែលមានឋាមពលបង្កគ្រោះថ្នាក់ខ្ពស់ ជាគ្រាប់បែកផលិតនៅសហរដ្ឋអាមេរិក និងជាសំណល់ពីសង្គ្រាម។

ប្រសិនបើគ្រាប់បែកនេះបានផ្ទុះ នោះអាចបង្កការខូចខាតធ្ងន់ធ្ងរដល់សណ្ឋាគារ លំនៅដ្ឋានប្រជាពលរដ្ឋ និងព្រះបរមរាជវាំង មិនខានឡើយ ប៉ុន្តែនេះជាសំណាងមួយល្អណាស់សំរាប់កម្ពុជាអ្នកជំនាញបានដោះស្រាយបានទាន់ពេលវេលា។

សូមជម្រាបតាមទិន្នន័យព័ត៌មានមានគ្រាប់បែកប្រភេទ AN-M66 នេះចំនួន ១១គ្រាប់ ក្នុងចំណោមគ្រាប់រាប់លានគ្រាប់ ដែលបានទម្លាក់នៅកម្ពុជា។