មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំដឹកនាំកងកម្លាំងរៀបចំដាក់ប្រព័ន្ធលូរំដោះទឹក ជូនក្រុមគ្រួសារអតីតយុទ្ធជនដែលជាដៃគូសម្ព័ន្ធមេត្រីភាព

កំពង់ធំ ៖ ឧត្តមសេនីយ៍ទោសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំកងកម្លាំង៦៥នាក់ ទៅរៀបចំដាក់ប្រព័ន្ធលូរំដោះទឹក ជូនក្រុមគ្រួសារអតីតយុទ្ធជន៨ខ្នងផ្ទះ ដែលជាដៃគូសម្ព័ន្ធមេត្រីភាពជាមួយអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិដងក្តា ឃុំក្រយៀ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអនុវត្តតាមការណែនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា និងការចង្អុលបង្ហាញពី ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានតម្រូវឲ្យស្ថាប័ន អង្គភាព មន្ទីរជុំវិញខេត្ត និងរដ្ឋបាលក្រុងស្រុក ក្នុងខេត្តកំពង់ធំ ដែលជាដៃគូសម្ព័ន្ធមេត្រីភាពជាមួយបងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ជួយបង្កលក្ខណៈងាយស្រួលក្នុងការរៀបប្រព័ន្ធលូរំដោះទឹក ជូនបងប្អូននៅតាមខ្នងផ្ទះនីមួយៗ ងាយស្រួលឲ្យបងប្អូនបានចេញចូលក្នុងលំនៅដ្ឋាន និងជាការរំដោះទឹកចេញពីភូមិឋានរបស់អតីតយុទ្ធជន កុំឱ្យមានការលិចលង់ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា នៅតាមខ្នងផ្ទះនីមួយៗ ត្រូវប្រើប្រាស់លូចំនួន៥កង់ ដែលមានប្រវែងមួយម៉ែត្រក្នុងមួយកង់ ដែលក្នុងលូនីមួយៗមានទំហំមុខកាត់០,៦០ ម៉ែត្រ លូមួយកង់ថ្លៃ ៦០,០០០ រៀល ។
បងប្អូនគ្រួសារអតីតយុទ្ធជន ដែលជាដៃគូសម្ព័ន្ធមេត្រីភាពជាមួយបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានជួយគិតគូដោះស្រាយនូវរាល់ទុក្ខលំបាករបស់បងប្អូនអតីតយុទ្ធជន និងសូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជារៀងរហូត៕
ដោយ ប៊ុន រដ្ឋា