សន្និបាត​បូកសរុប​លទ្ធផល​ការងារ​យោធា ឆ្នាំ​២០១៣ និង ទិសដៅ​ឆ្នាំ​២០១៤

0

​នៅ​ទីបញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប នា​ព្រឹក​ថ្ងៃទី ២៤ ខែ កុ​ម្ភះ ឆ្នាំ​២០១៤​នេះ មាន​បើក​អង្គ សន្និបាត​បូកសរុប​លទ្ធផល​ការងារ​យោធា ឆ្នាំ​២០១៣ និង លើក​ទិសដៅ​ការងារ​យោធា​ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព​ឯ​.​ឧ ឃឹម ប៊ុន​សុង ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត និង ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ សៅ សុជាតិ មេបញ្ជាការរង​យោធភូមិភាគ​ទី​៤ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី បណ្តា​អស់លោក លោកស្រី​ជា​មេបញ្ជាការរង​កងពល កងរាជអាវុធហត្ថ​ខេត្ត ស្នងការរង​ខេត្ត និង មេបញ្ជាការ បញ្ជា​ការរង នាយទាហាន នាយទាហានរង កងឯកភាព​ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប​ផងដែរ ។​

​បន្ទាប់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី គង់ សី មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប ធ្វើ​កិច្ច​ស្វាគមន៍​និង បើក អង្គសន្និបាត​រួចមក លោក​វរៈសេនីយ៍ទោ គង់ ឃួន នាយការិយាល័យ​ទី​៣ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប បានធ្វើ​សេចក្តី រាយការណ៍​បូកសរុប​ពី​លទ្ធផល​ការងារ​យោធា ដែល​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប អនុវត្តបាន​ក្នុង​ឆ្នាំ ២០១៣​កន្លងមក ក្នុងនោះដែរ​លោក​វរៈសេនីយ៍ឯក ស៊ិន ភា​ត់ មេបញ្ជាការរង ជា​នាយសេនាធិការ​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប បាន​លើក​នូវ​ទិសដៅ​សម្រាប់​អនុវត្ត​បន្តការងារ​យោធា ឆ្នាំ​២០១៤​ផងដែរ ។ ​

ក្នុងនោះដែរ​ក៏មាន​ការឡើង​ធ្វើ​បទ​អន្តរាគមន៍​របស់លោក​មេបញ្ជាការ​វរៈ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៤០៨ និង បញ្ជាការ​ផ្នែក​សឹក​រង​ស្រុក​ស្វាយ​លើ ស្តីពី​សកម្មភាព​គ្រប់គ្រង​នៃ​ការហ្វឹកហ្វឺន បណ្តុះបណ្តាល បង្កើន​សមត្ថភាព ដល់​នាយទាហាន ពលទាហាន និង ការគ្រប់គ្រង​កងកម្លាំង អាវុធជាតិផ្ទុះ ការងារ​សន្តិសុខ ព្រមទាំង​ការងារ​បង្ក បង្កើន​ផល ចិញ្ចឹមសត្វ និង កសាង​អង្គភាព​ផងដែរ ។

ឱកាស​នៅ​ដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី គង់ សី ក៏បាន​ធ្វើការ​បំពេញបន្ថែម​ទៅលើ​ទិសដៅ​មួយចំនួន ព្រមទាំង​បាន​ផ្តល់នូវ​គំនិត​យោបល់​ល្អៗ ផែនការ​មួយចំនួន ដើម្បី​ជា​ទុន​សម្រាប់​បណ្តា​កងឯកភាព​ចំណុះ​តំបន់​ប្រតិបត្តិ ការ​សឹង​រង​សៀមរាប សម្រាប់​យកទៅអនុវត្ត​នៅតាម​អង្គភាព​ទទួលបាន​ជោគជ័យ ។​ ​

មានប្រសាសន៍​ក្នុង​អង្គសន្និបាត​នោះ ឯ​.​ឧ ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ សៅ សុជាតិ មេបញ្ជាការរង​យោធភូមិភាគ​ទី​៤ ក៏បាន​ធ្វើការ ឯកភាព​ទៅលើ​លទ្ធផល​ការងារ​យោធា​ដែល​ទទួលបាន​ក្នុង​ឆ្នាំ​២០១៣ និង ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៤ ព្រមទាំង​បាន​ផ្តល់នូវ​បទពិសោធន៍ និង អនុសាសន៍ វិធាន​ការល្អៗ​មួយចំនួន ក្នុងការ​ដឹកនាំ​បញ្ជា ដល់​កងកម្លាំង​ឯកភាព ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប សំដៅ​ធ្វើ​ឲ្យ​អង្គភាព​ទាំងមូល អនុវត្ត​លើ​ការបំពេញភារកិច្ច​ស្នូល សម្រេច បាន​ជោគជ័យ ដែល​ក្រសួងការពារជាតិ និង រាជរដ្ឋាភិបាល​ប្រគល់ជូន ។

ឯ​.​ឧ ឃឹម ប៊ុន​សុង និង ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ សៅ សុជាតិ ក៏បាន​កោតសរសើរ​ផងដែរ ពី​កិច្ចសហការ​ចូលរួមរ​បស់​កងកម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត នា​ឆ្នាំ​២០១៣ កម្ពុជា​ក្នុងនាម​ជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន ដោយ​រៀបចំ​ការងារ​ជាច្រើន ហើយដោយ​ឡែក សម្រាប់​ខេត្តសៀមរាប អាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធ​គ្រប់លំដាប់​ថ្ឋា​ក់ បានរៀបចំ​ទទួល​ស្វាគមន៍ ចំពោះ​ថ្នាក់ ដឹកនាំ​កំពូលៗ​នៃ​ប្រទេស​សមាជិក​អាស៊ាន និង ប្រទេស​មហាអំណាច​ដទៃ​ទៀត ធ្វើ​កិច្ចប្រជុំ និង ទស្សនៈកិច្ច​នៅក្នុង​តំបន់​ប្រវត្តិសាស្ត្រ​នៃ​ខេត្តសៀមរាប ។

ម្យ៉ាងទៀត​នេះ​គឺជា​សក្ខីភាព​ដែល​ឆ្លុះបញ្ចាំង​កាន់តែ​ប្រត្យក្ស នូវ​ដំណើរ​ឆ្ពោះទៅ​ការពង្រឹង នូវ​ស្វាយ​ភាពម្ចាស់ការ លើ​ការកសាង​កម្លាំង​ស្នូល និង ពង្រីកពង្រឹង​សមត្ថភាព​ប្រយុទ្ធ ការបំពាក់​បំប៉ន​អប់រំ​ចិត្តសាស្ត្រ យុទ្ធសាស្ត្រ ក្នុងការ​ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់ រាល់​ការ​ប៉ុង​ប៉ង​ម​ហិ​ច្ច​តា​ឈ្លានពាន របស់​បច្ចាមិត្ត​បរទេស ។ ម្យ៉ាងទៀត​កម្លាំង​យុទ្ធជន​ជា​សសរទ្រូង​នៃ​ប្រទេស ក្នុងការ​ការពា​រកសា​ង ការអភិវឌ្ឍន៍​ប្រទេសជាតិ ដូច្នេះ​កម្លាំង​ត្រូវតែ​ជា​ធនធាន​មួយ ប្រកបដោយ​សក្តានុពល កាយ សម្បទា​ល្អ​មាំមួន មាន​ក្រមសីលធម៌ សេចក្តីថ្លៃថ្នូរ និង ម៉ឺងម៉ាត់ ។

ឯកឧត្តម​ទាំងពីរ ក៏បាន​លើក​នូវ​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ ផ្ទាល់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លើ​ការ​កំណែទម្រង់​ផ្សេងៗ ដើម្បី ជម្រុញ​នឹង​លើ​កម្ពស់​កំណើន សេដ្ឋកិច្ចជាតិ ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង ការ​កំណែទម្រង់​កងយោធពល​ខេមរភូមិន្ទ៍ គឺ​ធ្វើ​ឲ្យ​ស្ថានភាព គុណភាព និង ត្រៀមលក្ខណៈ​ខ្ពស់ ។ ក្នុងនោះដែរ​ឯ​.​ឧ ឃឹម ប៊ុន​សុង ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ សៅ សុជាតិ ក៏​លើកឡើង​ផងដែរ អំពី​ស្ថានភាព សភាពការណ៍​សន្តិសុខ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា ថៃ នៃ​ទិស​របស់​យោធភូមិភាគ​ទី​៤​គ្រប់គ្រង​ផងដែរ ។

ឯកឧត្តម​ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​មេបញ្ជាការ មេបញ្ជាការរង នៃ​កងឯកភាព​ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប ត្រូវគោរព​ឲ្យ​បានល្អ ពី​អង្គការ​វិន័យ​កងទ័ព មានការ​សាមគ្គី​ផ្ទៃក្នុង​ល្អ ព្រមទាំង​បង្កើន​ការហ្វឹកហ្វឺន បណ្តុះបណ្តាល បង្កើន​សមត្ថភាព​យល់​ដឹង ពី​យុទ្ធវិធី យុទ្ធសាស្ត្រ​របស់​កងទ័ព ដើម្បី​បង្កើន​គុណភាព ក្នុង​ជួរ​កងទ័ព ជាសម្ខាន់​ការ គ្រប់គ្រង​កងកម្លាំង គ្រឿង​សម្ភារៈ​បំពាក់ និង បរិក្ខា​របស់​កងទ័ព និង កសាង​

អង្គភាព ការ​បង្កបង្កើនផល ចិញ្ចឹមសត្វ ក្នុងការ​ដោះស្រាយ​ជីវភាព​ទ័ព និង គ្រួសារ​ទ័ព ព្រមទាំង​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន អនុវត្ត​នូវ​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ក្នុងការ​រក្សា​សុវត្ថិភាព សន្តិសុខ​ជូន​ប្រជាជន ក្នុង​មូលដ្ឋាន​អង្គភាព​ឈរជើង សម្ខាន់​ក្នុងពេល​បោះឆ្នោត​អសកល ក្នុងការ​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខ័​ណ្ឌ នៅ ពេលខាងមុខ​ផងដែរ ។ ​

ក្នុងនោះដែរ​ក៏មាន​ធ្វើការ​ប្រគល់ ប័ណ្ណសរសើរ និង លិខិត​សរសើរ របស់​អគ្គបញ្ជាការដ្ឋាន​កងទ័ពជើងគោក ដល់ បុគ្គល ៣៥​រូប ដែលមាន​ស្នាដៃ​ក្នុងការ​បំពេញភារកិច្ច​ស្នូល​ប្រចាំឆ្នាំ​២០១៣ របស់​កងឯកភាព​ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប ។

ក្នុងនោះដែរ​ឯ​.​ឧ ឃឹម ប៊ុន​សុង ក៏បាន​នាំយក​នូវ​ថវិកា របស់​រដ្ឋបាល​សាលាខេត្ត ចំនួន ០៣​លាន​រៀល និង ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ សៅ សុជាតិ ក៏បាន​នាំយក​ថវិកា របស់​មេបញ្ជាការ​យោធភូមិភាគ​ទី​៤​ចំនួន ១​លាន​រៀល និង កងពលធំ​អន្តរាគមន៍​លេខ​២ ចំនួន​១០០​ដុល្លា ឧបត្ថម្ភ​ដល់​អង្គសន្និបាត​សម្រាប់​យកទៅ​បម្រើការ​ប្រើប្រាស់​ក្នុង​ពិធី​នេះ ព្រមទាំង​ប្រគល់​នូវ​គ្រាប់ពូជ គោ​ពូជ ធុង​បាញ់ថ្នាំ​កសិកម្ម និង មុង​ជ្រ​លុក​ថ្នាំ ចំនួន ៤១៥​មុង ដល់​កងឯកភាព​ចំណុះ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង សៀមរាប​ផងដែរ ៕3 4 5 6