ទិវាជាតិនៃការចងចាំ របស់ប្រជាជនខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ប៉ុលពត

ខេត្តស្វាយរៀង៖ព្រឹកថ្ងៃសុក្រ៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួប “ទិវាជាតិនៃការចងចាំ” ស្ថិតនៅបរិវេណស្តូបគោរពវិញ្ញាណខ័ន្ត ភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកអភិបាលក្រុង លោក លោកស្រី ប្រធានមន្ទី-អង្គភាពនានាជុំវិញខេត្ត ប្រជាពលរដ្ឋ សិស្ស និស្សិត យុវជន ស.ស.យ.ក ខេត្ត យុវជនកាកបាទ ព្រះសង្ឃ និងកងកម្លាំងប្រដាប់អាវុធទាំងបីសរុបចំនួន៨២៩អង្គ/នាក់។
ក្នុងពិធីនេះឯកឧត្តមអភិបាលខេត្តបានអាននូវខ្លឹមសារសំខាន់ៗដើម្បីរំលឹកនូវប្រវត្តិសាស្ត្រជូរចត់របស់ប្រជាជនកម្ពុជា ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ហើយក៏ជាសារមួយនៃការចងចាំដល់ប្រជាពលរដ្ឋកម្ពុជាផងដែររួមមាន÷
១. ចងចាំជានិច្ចនូវសោកនាដកម្មរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃដែលបានប្រព្រឹត្តឡើងដោយពួកប្រល័យពូជសាសន៍ប៉ុលពតមកលើប្រទេសកម្ពុជា។
២. ដឹងគុណជានិច្ចដោយមិនអាចបំភ្លេចបាននូវទិវាជ័យជម្នះ៧មករា ១៩៧៩ ដែលជាថ្ងៃរំដោះប្រជាជនកម្ពុជាទូទាំងប្រទេសឱ្យរស់រានមានជីវិតឡើងវិញ។
៣. ប្រែក្លាយស្មារតីចងកំហឹងឈឺចាប់ទៅជាការខិតខំប្រឹងប្រែងការពារ ស្ថាបនាមាតុភូមិកម្ពុជាឱ្យកាន់តែសម្បូរសប្បាយ និងរីកចម្រើនរុងរឿងជានិរន្តន៍។
៤. ពង្រឹងពង្រីកសាមគ្គីភាពផ្ទៃក្នុងឱ្យរឹងមាំ និងប្តេជ្ញាឈរលើគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងត្រៀមខ្លួនជានិច្ចចូលរួម និងអនុវត្តសំដៅការពារឯករាជ្យ សន្តិភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។
៥. ប្រឆាំងដាច់ខាតចំពោះពួកជ្រុលនិយមមួយចំនួនដែលល្មោភអំណាច និងបំភ្លៃប្រវត្តិសាស្ត្រពិសេសទិវាជ័យជម្នះ៧មករា។ សូមបញ្ជាក់ថា កម្មវិធីបញ្ចប់មាននិមន្តព្រះសង្ឃ៧៩អង្គរាប់បាត្រផងដែរ៕គឹមសេង