រថយន្តបុករះម៉ូតូ និងថ្មើរជើងពីក្រោយ បណ្តាលអោយស្លាប់៤នាក់

ខេត្តបាត់ដំបង ÷ យ៉ាងហោចណាស់ក៏មានមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៤ នាក់ដែរ នៅក្នុងចំណោមជនរងគ្រោះសរុប៧នាក់ ខណ:ដែលពួកគេកំពុងនាំគ្នាដើរបណ្តើរម៉ូតូ ស្រាប់តែមានរថយន្តបានបោះពួយមកបុកចំពីក្រោយទាំងកម្រោល ដោយមិនដឹងខ្លួនតែម្តង។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៨ នឹង៤០នាទី យប់ នៅលើកំណាត់ផ្លូវជាតិ លេខ ៥៧B ចន្លោះបង្គោលគីឡូម៉ែត្រ លេខ៣១ និង ៣២ ស្ថិតក្នុងក្រុមទី៥ ភូមិទួលទិល ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង រវាងរថយន្ត និង ម៉ូតូ រួមនិង អ្នកថ្មេីរជេីង ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះគឺបង្កឡើងដោយរថយន្តម៉ាក isuzu ព៌ណទឹកប្រាក់ពាក់ស្លាកលេខ ព្រះវិហារ 2A-0193ព្រះ បើកបរពីកើតទៅលិច ដោយល្បឿនលឿន ហើយបានបុកពីក្រោយជាមួយនឹងម៉ូតូអត់ស្គាល់ម៉ាកពាក់ស្លាកលេខ សៀមរាប 1I-9342 ដែលម្ចាស់កំពុងបណ្តើរ ព្រមជាមួយនិងអ្នកថ្មើរជើងមួយក្រុម (បណ្ដាលឲ្យស្លាប់មួយនាក់ស្រី)របួសធ្ងន់ចំនួន ៦ នាក់ ស្រី ៤ នាក់ ។

លោក អធិការ វេ គឹមចត់ បានលើកឡើងថា ភ្លាមៗនោះអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ទៅហើយ ព្រោះនៅពេលបុកនោះ គឺរថយន្តបើកលឿន ហើយពេលដែលបុកនោះបណ្តាលអោយម៉ូតូធ្លាក់ចេញពីផ្លូវ ព្រមទាំងបានឆេះខ្ទេចតែម្តង ដោយឡែកនារីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង។

លោកអធិការបានបន្តថា ដោយឡែកអ្នករបួសធ្ងន់ទាំងអស់ក៏ត្រូវបានបញ្ជូនទៅមណ្ឌលសុខភាព ហើយក៏មានម្នាក់ទៀតបានស្លាប។ ដោយសារសភាពធ្ងន់ធ្ងរពេកក្រុមគ្រូពេទ្យក៏បានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្តបង្អែកខេត្ត លុះព្រឹកថ្ងៃទី២៥ នេះ ក៏មានអ្នករបួស២នាក់ទៀត បានបាត់បង់ជីវិត ។

បច្ចុប្បន្នករណីនេះ កម្លាំងជំនាញអធិការដ្ឋានបានប្រគល់ទៅអោយការិយាល័យចរាចរណ៍ខេត្តហើយ ដើម្បីតាមស្រាវជ្រាវរកអ្នកបើកបររថយន្ត មកអនុវត្តតាមផ្លូវច្បាប់ ៕ អត្ថបទ : ព្រាប.ស