របួសធ្ងន់២នាក់ ដោយសារកែច្នៃរំសេវផាវដើម្បីបោកត្រី ហើយភ្លាត់ស្នៀត

ខេត្តបាត់ដំបង ÷ បុរស២នាក់ បានរងរបួសជាទម្ងន់ បន្ទាប់ពីបានកែច្នៃផាវដើម្បីបោកត្រី ខុសបច្ចេកទេស បណ្តាលឲ្យផ្ទុះឡើងតែម្តង។

ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចអូរតាតឹង ស្ថិតក្នុងភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ដោយសារតែមានករណីច្នៃជាតិផ្ទុះ (ផាវ) បោកត្រីខុសបច្ចេកទេស បណ្តាលឲ្យផ្ទុះរងរបួសធ្ងន់បុរស២នាក់ ។

សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ក្នុងគ្រោះថ្នាក់កែច្នៃរំសេវផាវសម្រាប់បោកត្រីនេះ ធ្វើអោយមនុស្សរងរបួសចំនួន០២នាក់ ឈ្មោះ មឿន ពិសិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត (របួសដាច់កដៃខាងឆ្វេង) និងឈ្មោះ សុត សឿន ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត (របួសដៃជើងខាងស្តាំ និងភ្នែកខាងឆ្វេង)។

ករណីនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំឡូតបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការកែច្នៃផាវបង្កជាគ្រឿងផ្ទុះខុសបច្ចេកទេសដូចករណីខាងលើនេះ ចៀសវាងការកើតមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស សត្វ ៕ អត្ថបទ : ព្រាប.ស