ស្មានតែកូនបោកឆ្នាំងបាយ ស្តីអោយឡូឡាកើតជាទំនាស់រហូតសមត្ថកិច្ចចុះឃាត់ខ្លួនសួរនាំ

ខេត្តតាកែវ ៖ ករណីហិង្សារវាងឪពុកនិងកូនដែលបែកធ្លាយតាមបណ្តាញសង្គមមានរយៈពេល១នាទីនិង២១វិនាទី ដែលកើតហេតុនៅភូមិស្តុក ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ត្រូវបានប៉ូលីសនៃអធិការដ្ឋានចុះស្រាវជ្រាវដល់ផ្ទះនិងបានឃាត់ខ្លួនជនសង្ស័យជាកូនយកមកសួរនាំហើយ។
តាមការបញ្ជាក់ពីកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាទី បានប្រាប់ថា ដំបូងឡើយអាណាព្យាបាលមិនសហការ ដោយបានរារាំងសមត្ថកិច្ចមិនឱ្យនាំខ្លួនជនបង្កជាកូនមកធ្វើការសាកសួរ និងសុំមិនប្តឹងផ្តល់អ្វីឡើយ។ លុះដល់ម៉ោង២០និង០០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលពីសំណាក់លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ទើបកម្លាំងជំនាញសម្រេចឃាត់ខ្លួនជនបង្កខាងលើមកកាន់អធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរបន្ថែម។ សមត្ថកិច្ចបន្តថា ជនសង្ស័យឈ្មោះ ប៉ឹង ពេជ្រ ហៅឌឿន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ បានប្រើអំពើហិង្សាទៅលើឪពុកបង្កើតឈ្មោះ ប៊ុត ឌៀប អាយុ៥២ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១២ និង២០នាទី។ ចំពោះមូលហេតុដែលឈានដល់ការប្រើអំពើហិង្សានេះសមត្ថកិច្ចបន្ថែមថា ជនបង្កងើបពីដេកបានឡើងរកបាយហូប ក៏ធ្វើឱ្យជ្រុះគម្របឆ្នាំងបាយលាន់លឺខ្លាំង ស្រាប់តែឪពុកខឹង ស្មានថាកូនបោកឆ្នាំបាយ បានស្រែកស្តីឱ្យកូន រហូតមានទំនាស់ពាក្យសម្តីនឹងគ្នា បង្កឡើងជាហិង្សាតែម្តង។
បច្ចុប្បន្នជនបង្កឈ្មោះ ប៉ឹង ពេជ្រ ហៅឌឿន ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី បានធ្វើការឃាត់ខ្លួន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕ ពូស៊្មីត