ឯកឧត្តម អ៊ុន ចាន់ដា ជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជន កម្ពុជា សង្កាត់ បឹងកុក ជាង៥០០នាក់

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា -ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងកំពង់ចាម នាព្រឹក ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២២ នេះ បានអញ្ជើញជួបសំណេះសំណាល និងបង្រៀនគូសសន្លឹកឆ្នោតដល់សមាជិក សមាជិកាគណបក្ស ប្រជាជន កម្ពុជា សង្កាត់ បឹងកុក ប្រមាណ ជាង៥០០នាក់ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានអបអសាទរនូវលទ្ធផលបោះឆ្នោតល្បងនាពេលនេះ និងបានណែនាំឱ្យសកម្មជន និងយុវជនបក្សបន្តចុះទៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីសួរសុខទុក្ខ និងបង្រៀនពីការគូសសន្លឹកឆ្នោតឱ្យបានផុលផុស ក៏ដូចជាការត្រៀមពេលវេលា និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត សម្រាប់ប្រើនៅថ្ងៃបោះឆ្នោត ឲ្យ បាន គ្រប់ៗគ្នា ។

ឯកឧត្តម ប្រធានគណបក្សខេត្ត បានថ្លែងអំណរគុណដល់សមាជិក សមាជិកាគ្រប់រូប ដែលបានជឿជាក់មកលើគណបក្សប្រជាជនកម្ពុជា និងបានគាំទ្រ ក៏ដូចជាបានអញ្ជើញទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារហូតមក និង ការ ប្តេជ្ញា ចូលរួមបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ផងដែរ ។

ជាមួយគ្នា នោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានលើកឡើងអំពីសមិទ្ធផលធំៗដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានរហូតមកដល់ពេលនេះ ដែលបានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យគួរជាទីមោទនៈ ដូច្នេះយើងគ្រប់គ្នាត្រូវរួមគ្នាថែរក្សាឲ្យបានគង់វង្សនូវសុខសន្តិភាព ដែលរកបានដោយកម្រ ក្រោមការ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ៕