សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍បានចូលរួមរំលែកទុក្ខដល់សព ស្ត្រីមេម៉ាយម្នាក់ ជាកម្មករសំណង់បានបាត់បង់ជីវិតដោយសារធ្លាក់ពីលើ អគារនៅទីក្រុងភ្នំពេញ

(កំពង់ធំ)÷ ព្រឹកថ្ងៃ០៤ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ សុខ ចាន់ធូ សមាជិកក្រុមប្រឹក្សាខេត្ត ជាអនុប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ជាប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍខេត្តកំពង់ធំ លោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ និងសហការី ព្រមទាំងអភិបាលរងស្រុក បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៅចូលរួមរំលែកទុក្ខ សពលោកស្រី ហ៊ីង ណៃ អាយុ៦២ឆ្នាំ ដែលជាសមាជិកអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ស្រុកស្ទោង រស់នៅភូមិក្រសាំង ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។ បានទទួលមរណភាពកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ដោយសារធ្លាក់លើអគារនៅទីក្រុងភ្នំពេញ ដោយទៅធ្វើការងារសំណង់នៅទីក្រុងភ្នំពេញ។

លោកជំទាវ សុខ ចាន់ធូ បានមានប្រសាសន៍ថា ខ្ញុំសូមសំដែងនូវសមាណចិត្តដ៏សែនក្តុកក្តួល សោកស្ដាយស្រណោះអាឡោះអាល័យក្រៃលែង សូមចូលរួមមរណៈទុក្ខជាមួយ សពលោកស្រី ហ៊ីង ណៃ អាយុ៦២ឆ្នាំ ដែលមានកូនចំនួន០៥នាក់ ប្រុស០៣នាក់ ស្រី០២នាក់ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់នៃសពលោកស្រី ប្រកបដោយសមាណទុក្ខ ក្តីសង្វេគ រកទីបំផុតគ្មាន។ សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធរបស់សពលោកស្រី ហ៊ីង ណៃ ស្ថិតនៅតាមជួយថែរក្សាក្រុមគ្រួសារ និងបានទៅចាប់បដិសន្ធិ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះដែរក្រុមគ្រួសារនៃសពសូមថ្លែងអំណរគុណដល់ប្រធានក្រុមចលនាស្ត្រី ទាំងថ្នាក់ខេត្តនិងថ្នាក់ស្រុក ខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់ យកគ្រឿងឧបភោគបរិភោគ និងថវិកាជូនក្រុមគ្រួសារនៃសព សូមឱ្យថ្នាក់ដឹកនាំទាំងអស់ជួបនៅពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។

គួរបញ្ជាក់ផងដែរថា គ្រឿងឧបភោគបរិភោគ ដែលជូនដល់គ្រួសារសពមានអង្ករចំនួន១បេ ទឹកផ្លែឈើ១កេស ទឹកសុទ្ធ១កេស មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី ១យួរ និងថវិកាចំនួន៧៤០.០០០រៀល ដែលជាអំណោយរបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍខេត្តកំពង់ធំ និងអនុសាខាស្រុកស្ទោង។