មន្ទីរទេសចរណ៍ សុំគោលការណ៍ផ្អាកអាជីវកម្មភោជនីយដ្ឋានមួយកន្លែង ដែលលក់គ្រឿងស្រវឹង ក្នុងថ្ងៃបោះឆ្នោត

ខេត្តបាត់ដំបង ÷ ភោជនីយដ្ឋានមួយកន្លែង ដែលគេដឹងថាបើកលក់ដោយគ្មានអាជ្ញាបណ្ណ បាននិងកំពុងផ្គើនទៅនឹងច្បាប់របស់រាជរដ្ឋាភិបាល ដែលបានហាមដាច់ខាននូវការបើកលក់គ្រឿងស្រវឹង នៅយប់មុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត ព្រមទាំងបានទះតុគម្រាមកម្លាំងអង្គភាពជំនាញថែមទៀតផង ពេលដែលកម្លាំងចុះត្រួតពិនិត្យ។

លោក អ៊ុច អ៊ុភីនីហ្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់ថា នាយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នូ២០២២ ប្រធាន មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានដឹកនាំមន្រ្តីជំនាញចុះអង្កេតតាមភោជនីយដ្ឋាន អាហារដ្ឋានក្នុងភូមិសាស្រ្តក្រុងបាត់ដំបង ស្តីពីការអនុវត្តសារាចរណែនាំលេខ ០០៦ សរណន របស់ក្រសួងទេសចរណ៍ ស្ដីពីការផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនការបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ឆ្នាំ២០២២ គឺថ្ងៃទី៤ និងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

លោកប្រធានមន្ទីរបានបន្តថា ក្នុងការអង្កេតនេះដែរ អាជីវកម្មមួយចំនួនធំ បានផ្អាកដំណើរការបណ្តោះអាសន្ន និងមួយចំនួនទៀតបានបើកដំណើរការតែមិនមានលក់ដូរគ្រឿងស្រវឹងជូនភ្ញៀវឡើយ។

ជាលទ្ធផល ក្រុមការងារក៏បានរកឃើញថា ភោជនីយដ្ឋាន ប៊ី អេស ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បានបើកលក់គ្រឿងស្រវឹងខុសទៅនឹងសារាចរណែនាំ ព្រមទាំងម្ចាស់អាជីវកម្មបានប្រើប្រាស់ពាក្យសម្តីនិងកាយវិការមិនសមរម្យដាក់ប្រធានក្រុមការងារ (គោះតុ ដើរចេញ)។

សូមបញ្ជាក់ថា ភោជនីយដ្ឋាននេះ មិនទាន់មានអាជ្ញាបណ្ណទេសចរណ៍នៅឡើយទេ ទោះមន្ទីរទេសចរណ៍បានដាក់លិខិតអញ្ជើញជាច្រើនលើក ច្រើនសារយ៉ាងណាក៏ដោយ។

ដើម្បីពង្រឹងការអនុវត្តច្បាប់ មន្ទីរទេសចរណ៍ បានគោរពជម្រាបជូនទៅឯកឧត្តមអភិបាលខេត្ត ដោយសូមស្នើសុំបិទផ្អាកដំណើរការអាជីវកម្មភោជនីយដ្ឋានខាងលើជាបណ្តោះអាសន្នចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕ អត្ថបទ : ព្រាប.ស