ពលរដ្ឋចូលរួមយ៉ាងគគ្រឹកគគ្រេង ពេលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ព្រឹកព្រលឹមខ្យល់បក់រហៀកត្រជាក់ ពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់យ៉ាងគ្រឹងគ្រេង ឯសណ្តាប់ធ្នាប់ សន្តិសុខតាមដងផ្លូវនិងនៅបរិវេណ ក៏ដូចក្នុងការិយាល័បោះឆ្នោតនៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នាព្រឹកថ្ងៃអាទិត្យទី០៥ខែមិថុនាឆ្នាំ២០២២ នេះ ដែលយោងប្រភពនានាថា បានប្រព្រឹត្តទៅល្អ រលូនដូចគ្រោងទុក ។ការិយាល័យស្ទើរទាំងអស់បានបើកទទួលអ្នកបោះឆ្នោតដែលស្រវាស្រទេញមកតម្រង់ជួរចូលបោះឆ្នោតចាប់ពីម៉ោង៧:០០ព្រឹក ។

លោកហី គឹមសេង ប្រធានគណ:កម្មាធិការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យប្រាប់ថ្ងៃទី០៥ខែមិថុនាថា: ដំណើរការបោះឆ្នោតនៅពេលចាប់ផ្តើមនេះ ព័ត័មានដែលទទួលបានគឺវាមានបរិយាកាសល្អ ប្រព្រឹត្តទៅរលូន។ ឯអាកាសធាតុក៏ស្រឡះ គ្មានភ្លៀង។

ចំណែកឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យអោយដឹងដែរថា :ទិដ្ឋភាពរួម ឃើញមានអ្នកបោះឆ្នោតបានប្រញ៉ាប់ប្រញ៉ាល់ពីព្រលឹម មកបោះឆ្នោត ។កងកម្លាំងសន្តិសុខក៏បំពេញការងារប្រកបដោយការទទួលខុសត្រូវ ។

អ្នកបោះឆ្នោតមួយចំនួនបានអោយដឹងថា : មានអ្នកបោះឆ្នោតមិនតិចពេក មិនច្រើនពេក ហើយក៏មិនប្រជ្រៀតគ្នា ព្រមទាំងមានរបៀបរៀបរយតម្រង់ជួរគ្នាចូលបោះឆ្នោត ។

ចំពោះមន្ត្រីថ្នាក់ដឹកនាំនិងសមាជិកគណបក្សមួយចំនួនបានអោយដឹងថា : ពលរដ្ឋនិងសមាជិកគណបក្សរបស់ខ្លួនបាននាំគ្នាចេញទៅបោះឆ្នោតដោយរីករាយ គ្មានការគម្រាមកំហែងឬរំខានឡើយ ។ទោះយ៉ាងណា អ្នកបោះឆ្នោតមួយចំនួនក៏លំបាកឬយឺតយ៉ាវក្នុងរកឈ្មោះក្នុងបញ្ជីឬខ្វះឯកសារបោះឆ្នោតដោយសារវ័យ សម្បទារនិងមិនចេះឬមិនមានលទ្ធភាពឆែកឈ្មោះក្នុងកម្មវិធីប្រព័ន្ធទូរស័ឬឬកុំព្យួទ័រ ដូចអ្នកបោះឆ្នោតមានវ័យក្មេងនិងវ័យកណ្តាល ។

សូមបញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យមានអ្នកបោះឆ្នោតមានក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ (ដែលត្រូវបោះឆ្នោតឆ្នាំ២០២២នេះ) មានចំនួន៤០៥.៧៣០នាក់ លើពលរដ្ឋអាយុ១៨ឆ្នាំឡើងចំនួន៤៧០.៨៨១នាក់/ស្រី២៦៨.៦១៥នាក់ ។ចំពោះការិយាល័យបោះឆ្នោតសរុបចំនួន១.១១៤កន្លែងនៅ៦៧ឃុំ សង្កាត់នៃ៩ស្រុកក្រុង ។ រីឯភ្នាក់ងារគណបក្សនយោបាយ ក្នុងចំណោមគណបក្ស១១ដែលចុះឈ្មោះបេក្ខជន/ នារីបោះឆ្នោតក្នុងខេត្តនេះ ភ្នាក់ងារពេញសិទ្ធិមាន៣.២១៧នក់ /ស្រី១.០០២នាក់និងបម្រុង១.៧៧២នាក់ /ស្រី៦៨៩នាក់ ។

ដោយឡែក ភ្នាក់ងារអង្គការ សមាគមក្នុងស្រុកក្រៅរដ្ឋាភិបាលចំនួន៦ដែលគជខអនុញ្ញាតិមានចំនួន ២.៣៩៥នាក់ /ស្រី១.៧៤២នាក់។ក្នុងនោះមាន អង្គការ សមាគមក្នុងស្រុក ដូចជា ១-ខុមហ្វ្រែល ២-សហព័ន្ធបញ្ញរប្រជាធិបតេយ្យ ៣-សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ៤-សមាគមសម្ព័ន្ធយុវជនសហរឡាញ់សន្តុិភាព ៥- សហភាពសហព័ន្ធយុវជនកម្ពុជានិង៦-សហព័ន្ធសិស្សនិស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវ:។

ក្នុងខេត្តនេះ មានគណបក្សនយោបាយបានឈរឈ្មោះបោះឆ្នោតចំនួន ១១ គណបក្សរួមមាន: គណបក្សប្រជាជនកម្ពុជា បក្សភ្លើងទៀន បក្សខ្មែររួបរួមជាតិ បក្សហ៊្វុនស៊ិនប៉ិច បក្សឆន្ទៈខ្មែរ បក្សខ្មែរស្រឡាញ់ជាតិ បក្សកម្ពុជានិយម បក្សរស្មីខេមរា បក្សសញ្ជាតិកម្ពុជា បក្សកែទម្រង់កម្ពុជា និងបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។

ឯកម្លាំងសន្តិសុខ (នគរបាល កងរាជអាវុធហត្ថនិងប្រជាការពារ) ប្រមាណ៣.០០០នាក់ក៏ត្រូវពង្រាយដូចដែលមានក្នុងផែនការនិតិវិធីដែរ៕ដោយ៖ឃិន គន្ធា