លោកជំទាវ លំ គន្ធារី និងឯកឧត្តម ប្លុង ពុទ្ធកូរ៉ា ព្រមទាំងលោកជំទាវ ង៉ែត ណារីន និងប្រជាពលរដ្ឋជាច្រើននាក់ បានអញ្ជើញទៅបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ស្ថិតនៅមណ្ឌលបុរីកុមារកំព្រា និងសាលាបឋមសិក្សាអនុវត្ត ហ៊ុន សែនអាចារ្យលាក់ ខេត្តកំពង់ធំ

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២វេលាម៉ោង៦:០០ព្រឹក នៅតាមការិយាល័យបោះឆ្នោត នីមួយៗកំពុងតែមានសកម្មភាពក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត និងឯកឧត្តម ប្លុង ពុទ្ធកូរ៉ា សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើននាក់ មកឈរតំរង់ជួរ ដើម្បីត្រៀមបោះឆ្នោត ដោយនៅក្នុងដៃមានកាន់ភ្ជាប់នូវឯកសារបោះឆ្នោតដូចជា អត្តសញ្ញាណបណ្ណ រឺឯកសារបញ្ជាក់អត្តសញ្ញាណបណ្ណ (ឯ.អ) ជាដើម ។

ជាមួយគ្នានេះដែរ នៅតាមការិយាល័យរៀបចំការបោះឆ្នោតកំពុងតែមមាញឹក បំពេញការងារតាមភារកិច្ចរបស់ខ្លួន ហើយឃើញមានអ្នកសង្កេតការណ៍ មកពីបណ្តាគណបក្សនយោបាយ និងសង្កេតការណ៍ជាតិ នៅតាមការិយាល័យបោះឆ្នោតផងដែរ។ ចាប់ពីម៉ោង៧.០០នាទីព្រឹក គ្រប់ការិយាល័យបោះឆ្នោតបានបើកដំណើរការបោះឆ្នោតទាំងអស់ ដោយមិនឱ្យការិយាល័យណាមួយមានបញ្ហានោះទេ។

លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត និងឯកឧត្តម ប្លុង ពុទ្ធកូរ៉ា សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមទៅបោះឆ្នោតនៅមណ្ឌលបុរីកុមារកំព្រា លេខការិយាល័យបោះឆ្នោត០៤៥៨ ចំនួនឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន៥៣៣នាក់។ លោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ និងក្រុមគ្រួសារបានអញ្ជើញទៅបោះឆ្នោតនៅមណ្ឌលសាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់លេខការិយាល័យ០៤៥២ ចំនួនឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន៥៦២នាក់។

លោកជំទាវក៏បាន អំពាវនាវដល់អ្នកពាក់ព័ន្ធបោះឆ្នោតទាំងអស់ ពិសេសគណបក្សនយោបាយ សូមឲ្យអនុវត្តឱ្យបានត្រឹមត្រូវទៅតាមច្បាប់ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក ដើម្បីឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ ទទួលបានភាពយុត្តិធម៌ មិនលំអៀង ឱ្យមានលក្ខណៈល្អប្រសើរឡើង ។