លោកជំទាវ បាន ស្រីមុំ ថ្លែងអំណរគុណសមាជិក សមាជិកា និងពលរដ្ឋនៅខេត្តប៉ៃលិន សម្រាប់ការគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតទទួលបានតំណែងជាមេឃុំចៅសង្កាត់ទាំង៨

(ប៉ៃលិន)៖ លោកជំទាវ បាន ស្រីមុំ អភិបាល ខេត្តប៉ៃលិននិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានថ្លែងអំណរគុណសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋ សម្រាប់ការគាំទ្រ និងបោះឆ្នោតជូនបក្សប្រជាជន រហូតធ្វើឱ្យគ្រប់មណ្ឌលបោះឆ្នោតទាំង១១៨ការិយាល័យ នៅខេត្តប៉ៃលិន គឺគណបក្សប្រជាជនកម្ពុជា នាំមុខដាច់ទាំងអស់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ហើយបានទទួលតំណែងជាមេឃុំចៅសង្កាត់ទាំង៨ ក្នុងខេត្តប៉ៃលិន។ការថ្លែងអំណរគុណនេះធ្វឡើងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ដោយលោកជំទាវ បាន ស្រីមុំ មានប្រសាសន៍ថា នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត អំពីដួងចិត្តជូនចំពោះសមាជិក សមាជិកាគណបក្សប្រជាជន កម្ពុជា អ្នកគាំទ្រ ប្រជាជន មហាជន ដែលបានគាំទ្របោះឆ្នោតជូនគណបក្សជាជនកម្ពុជា ដែលជាការបង្ហាញឱ្យឃើញពីការគាំទ្រ យ៉ាងភ្លុកទឹក ភ្លុកដី ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជាទាំង៨ឃុំសង្កាត់ទូទាំងខេត្ត ក្លាយជាអ្នកនាំ គ្រប់គ្រង និងជាអ្នកបម្រើសេវាសាធារណៈជូនបងប្អូន ប្រជាជន នៅតាមបណ្តាឃុំ សង្កាត់ នៅក្នុងអាណត្តិទី៥ ខាងមុខនេះម្តងទៀត។
លោកជំទាវ បាន ស្រីមុំ ក៏បានលើកឡើងថា ស្មារតីនៃការចូលរួមគាំទ្រ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាពេលនេះ លោកស្រីនឹងមានការចងចាំទុក មានការគោរព និងអរគុណយ៉ាងជ្រាលជ្រៅបំផុតជាមួយនឹងការគាំទ្រ ដ៏ច្រើនលើសលុប។
បន្ថែមពីនេះ លោកស្រីបានបញ្ជាក់ថា តាមរយៈការផ្តល់នូវទំនុកចិត្តច្រើនបែបនេះពីសំណាក់ប្រជាពលរដ្ឋទូទាំងខេត្ត ក្នុងនាមលោកជំទាវ ជាអភិបាលខេត្ត នឹងខិតខំបន្ថែមទៀត ការពារសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីផ្តល់នូវភាពសុខសាន្ត សម្រាប់ប្រជាពលរដ្ឋ រួមទាំងការខិតខំកែអម្អអភិវឌ្ឍន៍មូលដ្ឋាន ឱ្យកាន់តែប្រសើរឡើងថែមទៀត។ លោកជំទាវ បាន ស្រីមុំ ក៏បានបេ្តជ្ញាចិត្តជំរុញឱ្យមេឃុំ ចៅសង្កាត់ ដែលទទួលបានការផ្តល់ទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ត្រូវតែខិតខំបំពេញតួនាទីរបស់ខ្លួនបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងកិច្ចការងារសង្គមផ្សេងបន្ថែម ទៀតជាដើម៕អត្ថបទ ភ្នំខៀវ ប៉ៃលិន