ប្រធានក្រុមការងារបក្សចុះជួយឃុំបន្ទាយស្ទោង ថ្លែងអំណរគុណសមាជិកបក្ស និងប្រជាពលរដ្ឋបោះឆ្នោតគាំទ្របេក្ខជនក្រុមប្រឹក្សាឃុំ

កំពង់ធំ ៖ ឯកឧត្ដម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណៈបក្ស ខេត្តកំពង់ធំ និងក្រុមការងារ បេក្ខជនក្រុមប្រឹក្សាឃុំ បានប្រារព្វពិធីសូត្រមន្តរាប់បាត្រព្រះសង្ឃចំនួន៤០អង្គ រួមទាំងបាន ថ្លែងអំណរគុណសមាជិកបក្សនិងប្រជាពលរដ្ឋបានបោះឆ្នោតគាំទ្របេក្ខជនក្រុមប្រឹក្សាឃុំ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០២២ ។
លោក សូត្រ អ៊ុល បេក្ខជនលំដាប់លេខរៀងទី១ គណបក្សប្រជាជនកម្ពុជានៅឃុំបន្ទាយស្ទោង បានស្វាគមន៍ចំក្រុមការងារ ដែលបានយកអស់ពីកម្លាំងកាយចិត្ត ចំណាយថវិកានិងសម្ភារៈជួយដោះស្រាយរាល់ការលំបាកផ្សេងៗរបស់គណបក្សឃុំ និងបម្រើសកម្មភាពមនុស្សធម៌ ជួយដល់សមាជិកបក្ស និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត នៅក្នុងឃុំ អស់ពីចិត្តពីថ្លើម ។

ឯកឧត្ដមសោម ស៊ុន តំណាងក្រុមការងារ បានអំណរគុណសមាជិកបក្ស និងប្រជាពលរដ្ឋនៅក្នុងឃុំបន្ទាយស្ទោង ដែលបានបោះឆ្នោតគាំទ្រយ៉ាងពេញទំហឹង ចំពោះបេក្ខជនក្រុមប្រឹក្សាឃុំអាណត្តិ ទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅឃុំបន្ទាយស្ទោង ឲ្យទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ ដើម្បីឲ្យក្រុមប្រឹក្សាឃុំ បន្តបម្រើបងប្អូន និងកសាងអភិវឌ្ឍន៍ភូមិ.ឃុំយើងឲ្យ មានសុខសន្តិភាព និងការរីកចម្រើនរុងរឿងបន្តទៅទៀត ។

ឯកឧត្ដម សោម ស៊ុន បានណែនាំដល់បេក្ខជនក្រុមប្រឹក្សាឃុំ ដែលបានជាប់ឆ្នោត និងត្រូវប្រកាសចូលកាន់តំណែង តាមច្បាប់នៅពេលខាងមុខនេះ ត្រូវខិតខំប្រឹងប្រែងបម្រើប្រជាជនដោយស្មោះ អស់ពីកម្លាំងកាយចិត្ត ដោយអនុវត្តន៍ឲ្យបានត្រឹមត្រូវ តាមគោលនយោបាយអភិវឌ្ឍន៍ឃុំ.សង្កាត់ អាណត្តិទី៥ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ របស់គណបក្សប្រជាជនកម្ពុជាឲ្យទទួលបានជោគជ័យ នឹង ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជននៅក្នុងឃុំរបស់យើងឲ្យមានការរីកចម្រើន ។ដោយ ប៊ុន រដ្ឋា