ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងអំណរគុណសម្តេច តេជោ ផ្តល់វ៉ាក់សាំងដូសជម្រុញទី៥ ជូនដល់ មន្ត្រីជួរមុខ និងគោលដៅអាទិភាព ក្នុងខេត្តកំពង់ចាម

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅ ចំពោះ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា ដែល បាន ផ្ដល់ វ៉ាក់សាំង ម្ជុលទី៥ ជាដូសជម្រុញ សម្រាប់ ចាក់ ជូនដល់ មន្ត្រីជួរមុខ និងគោលដៅអាទិភាព ក្នុងខេត្តកំពង់ចាម ។ ការ ថ្លែង អំណរគុណ នេះ បន្ទាប់ ពី ឯកឧត្តមអភិបាលខេត្ត រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការ និង អ្នក សារព័ត៌មាន បានអញ្ជើញ ទទួល ការ ចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជម្រុញទី៥ នៅ សាលសន្និសីទ សាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២២ ។

បើតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តកំពង់ចាម បានជម្រាបជូនដល់ លោក លោកសី ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ ព្រមទាំងបុគ្គលិកសុខាភិបាលជួរមុខ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម មេត្តាជ្រាបថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យក្រសួងសុខាភិបាលបន្តចាក់វ៉ាក់សាំង កូវីដ-១៩ ដូសទី៥ ដូសជំរុញបន្ថែមទៀត ដើម្បីបង្កើនភាពស៊ាំ នៅក្នុងសហគមន៍ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងជាពិសេស ដើម្បីបន្តនូវនិរន្តភាពនៃដំណើរការជាប្រក្រតីភាពនូវការរស់នៅ រួមទាំងសកម្មភាព សេដ្ឋកិច្ច និងសង្គមកិច្ច និងធានាការពារអាយុជីវិតរបស់ប្រជា ពលរដ្ឋ ពីជំងឺមហាប្រល័យកូវីដ-១៩ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី អញ្ជើញទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ដូសជំរុញ ដោយឥតគិតថ្លៃ បន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៤ ឬយ៉ូសមូលដ្ឋាន រយៈពេល៣(បី)ខែឡើង នៅមន្ទីរពេទ្យបង្អែកខេត្ត, មន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាពចាប់ពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២នេះតទៅ ។

ជាមួយគ្នា នោះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មាតាបិតា និងអាណាព្យាបាលដែលមានបុត្រធីតាអាយុចាប់ពី៥ឆ្នាំឡើង សូមមកទទួលការចាក់វ៉ាក់សាំង កូវីដ-១៩ ដូសមូលដ្ឋាន ឬដូសជំរុញដោយឥតគិតថ្លៃ ដើម្បីបញ្ឈប់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ផងដែរ ៕