ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិបានដឹកនាំក្រុមការងារប្រជុំរៀបចំផែនការអនុវត្តតាមអនុក្រឹត្យស្តីពីការកាត់ឆ្វៀលដីតំបន់៣និងគម្រោងរៀបចំដីសម្បទានសង្គមកិច្ច នៅក្នុងស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំងៈយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនិងអនុវត្តន៍អនុសាសន៍របស់សម្តេចតេជោ ហុ៊ន សែន នាយករដ្ឋមន្រ្តី នៅព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២២នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំជា
មួយក្រុមការងារជំនាញ រៀបចំផែនការអនុវត្តអនុក្រឹត្យស្តីពីការកាត់ឆ្វៀលដីតំបន់៣នៅតាមភូមិសាស្រ្ត បណ្តោយផ្លូវជាតិលេខ៥ និងភូមិសាស្រ្តឃុំពាមឆ្កោក ស្រុកជលគិរី ឃុំសំរោងសែន និង ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និង គម្រោងរៀបចំដីសម្បទានសង្គមកិច្ច នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

លោក លី សុភា ប្រធាមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិរយោដីខេត្តកំពង់ឆ្នាំង បានធ្វើបទបង្ហាញអំពីស្ថានភាពជាក់ស្តែងនៅតាមតំបន់នីមួយៗដែលត្រូវកាត់ឆ្វៀល ដែលជាទីតាំងភូមិថានចាស់ ដូចជា ភូមិសំរោងសែន និង ភូមិប៉ប្រក និង កែសម្រួលផ្ទៃដី ចេញពីតំបន់៣ ចូលមកតំបន់២ មាននៅឃុំសំរោងសែន និង ឃុំផ្លូវទូក ។

ជាមួយនេះរដ្ឋបាលខេត្តបានចុះកំណត់អត្តសញ្ញាណទីតាំងដីលំនៅឋានរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៥ មានស្រុកបរិបូរណ៍ ស្រុករលាប្អៀរ ស្រុកកំពង់ត្រឡាច ក្រុងកំពង់
ឆ្នាំង ធ្វើការកែសម្រួលពីតំបន់២ទៅជាតំបន់១ និងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ។

ចំពោះគម្រោងរៀបចំអភិវឌ្ឍន៍ដីសម្បទានសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធ និង គ្រួសារ នៅភូមិអូការខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ គឺក្រុមការងារ បានធ្វើការរៀបចំប្លង់គោលជាបន្តបន្ទាប់ហើយ សម្រាប់គ្រួសារអតីតកងកម្លាំងប្រដាប់អាវុធ ដោយគ្រោងនឹងផ្តល់ជូន ដីលំនៅដ្ឋាន និង ដីកសិកម្ម ដែលមានហេដ្ឋារចនាសម្ព័ន្ធ រដ្ឋបាលមូលដ្ឋាន សមស្របនឹងតំបន់អភិវឌ្ឍន៍ ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថាៈ ដើម្បីធានាឱ្យការផែន
ការអនុវត្តអនុក្រឹត្យ ស្តីពីការកាត់ឆ្វៀលតំបន់បីខេត្តកំពង់ឆ្នាំង និងគម្រោងរៀបចំដីសម្បទានសង្គមកិច្ច នៅស្រុកសាមគ្គីមានជ័យ បានដំណើរការរលូន ក្រុមការងារនិង ក្រុមបច្ចេកទេស ទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយទទួលម្ចាស់ការ ប្រកបដោយតម្លាភាពនិងទទួលខុសត្រូវ ដោយអនុវត្តតួនាទីភារកិច្ច ឱ្យបានម៉ឺងម៉ាត់បំផុត ។

ឯកឧត្តម ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍បន្តទៀតថាៈ រាល់ពេលអនុវត្តការងារមន្រ្តីដែលជាក្រុមការងារទាំងអស់ ត្រូវតែបង្ហាញភាពស្មោះត្រង់ បង្ហាញពីឆន្ទៈពិតប្រាកដ អនុវត្តប្រកប
ដោយតម្លាភាព ប្រសិទ្ធភាព ខ្ពស់ក្នុងការកាត់ឆ្វៀលដីតំបន់បីនេះ ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានពិតប្រាកដ ។

ក្រុមការងារទាំងអស់ត្រូវតែចាប់ផ្តើមបំពេញការងារនេះឱ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋដែលរស់នៅទីតាំងភូមិសាស្រ្តចាស់ដាច់ខាតត្រូវតែទទួលបានដីស្របច្បាប់ ពីការអនុវត្ត អនុក្រឹត្យ ស្តីពីការកាត់ឆ្វៀលតំបន់បីតាមអនុក្រឹត្យនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ។

ចំពោះគម្រោងរៀបចំអភិវឌ្ឍន៍ដីសម្បទានសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធ និង គ្រួសារត្រូវបន្តអនុវត្តឱ្យមានប្រសិទ្ធភាព ខ្ពស់ ចំពោះការផ្តល់ដីសម្បទានសង្គមកិច្ចដោយតម្លាភាព ៕
សុខ គឹមសៀន