ពិធីសំណេះសំណាលជាមួយមហាគ្រួសារមន្ត្រីរដ្ឋបាលស្រុកអង្គរធំ

នៅរសៀលថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០២២នេះ នៅសាលាស្រុកអង្គរធំ ខេត្តសៀមរាប បានធ្វើការជួបជុំជាមហា គ្រួសារមន្ត្រីរាជការ ពិសារអាហារសាមគ្គី ក្នុងការថ្លែងអំណរគុណ ចំពោះមន្ត្រីរាជការ អាជ្ញាធរឃុំ កងកម្លាំងទាំងបីក្នុង ស្រុក ដែលបានចូលរួមក្នុងឱកាសបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានប្រព្រឹត្ត ទៅដោយភាពរលូន គ្មានអំពើហិង្សា ទទួលបានជោគជ័យល្អក្រៃលែង ។ ក្នុងពិធីសំណេះសំណាលបានប្រព្រឹត្តទៅក្រោម វត្តមាន ឯកឧត្តម ដួង សុខុន និង ឯកឧត្តម គង់ ប៊ុនធឿន តំណាងឯកឧត្តម ឃុន វុធ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអង្គរធំ ខេត្តសៀមរាប ។
មុនធ្វើពិធីសំណេះសំណាលនោះ លោក ឡុង រដ្ឋារក្ស អភិបាលនៃគណៈអភិបាលស្រុកអង្គរធំ បានដឹកនាំមន្ត្រីរាជការ ប្រារព្ធធ្វើពីធីបួងសួង និង លាបំណន់លោកតាម្ចាស់ស្រុក ដែលថែរក្សានៅស្រុកអង្គរធំ បានធ្វើឲ្យកិច្ចដំណើរការនៃ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី០៥ ឆ្នាំ២០២២នេះ បានដំណើរការទៅដោយសុខសុវត្ថិភាព និង ធានាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយគ្មានកើតនូវអំពើហិង្សានោះឡើយ ព្រមទាំងទទួលបានលទ្ធផល ល្អទៀតផង ។
ក្នុងកិច្ចស្វាគមន៍របស់លោក ឡុង រដ្ឋារក្ស នាឱកាសនោះបានបញ្ជាក់ថា ការរៀបចំពិសារបាយសាមគ្គីនេះឡើង បង្កើននូវស្មារតីសាមគ្គីភាពល្អនៃមហាគ្រួសារមន្ត្រីរដ្ឋបាលស្រុក ដើមី្បលើកទឹកចិត្ត ដល់បងប្អូនមន្ត្រីរាជការ ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញភារកិច្ចស្នូលក្នុងរយៈពេលកន្លងមក និងទទួលជយលាភី ក្នុងការបំពេញភារកិច្ចផ្តល់សេវាបានល្អ ប្រចាំឆ្នាំ២០២១ ពីអេឌីប៊ី ទូទាំងប្រទេស ២៥ក្រុង ស្រុក ក្នុងនោះមានស្រុកអង្គរធំ ក៏ទទួលបានជ័យលាភីនេះផងដែរ ។ ក្នុងនោះលោកអភិបាលស្រុក ក៏បានថ្លែងអំណរគុណ ពី កិច្ចខិតខំប្រឹងប្រែង និង កិច្ចសហការអនុវត្ត លើការលះបង់ពេលវេលា ទាំងស្មារតី ថវិកា ជួយដល់កិច្ចដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ និងទទួលបានលទ្ធផលល្អប្រសើរ ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ដួង សុខុន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះ មូលដ្ឋានស្រុកអង្គរធំ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាបបានថ្លែងអំណរគុណ បងប្អូនមន្ត្រីរាជការ កងកម្លាំងទាំងបី និង ប្រជាពលរដ្ឋទាំងអស់ ដែលបានបោះឆ្នោតគាំទ្របេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ របស់ខ្លួន ដើម្បីឲ្យបេក្ខជនដែលខ្លួនស្រឡាញ់ បានបន្តកកសាងអភិវឌ្ឍន៍ ឃុំសង្កាត់ ឲ្យមានការរីកចម្រើន និង ថែរក្សាសន្តិភាពឲ្យបានគង់វង្ស ។ ក្នុងនោះដែរឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនមន្ត្រីរាជការ និង កង កម្លាំងទាំងបី និង អាជ្ញាធរឃុំ គឺត្រូវបន្តប្រពៃណី វប្បធម៌ដែលបានអនុវត្តកន្លងមក ដើមី្បបម្រើដល់ផលប្រយោជន៍របស់ ប្រជាពលរដ្ឋ ដោយត្រូវប្រកាន់ភ្ជាប់ជានិច្ច ដោយឈរលើគោលការណ៍នៃច្បាប់រដ្ឋបាល មន្ត្រីរាជការ អាជ្ញាធរឃុំ គឺជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាម្ចាស់លើប្រជាពលរដ្ឋនោះឡើយ ។
ក្នុងឱកាសនោះដែរឯកឧត្តម និង ក្រុមការងារក៏បានឧបត្ថម្ភនូវថវិកាមួយចំនួន ដើមី្បប្រើប្រាស់ក្នុងកម្មវិធីពិសារ អាហារសាមគ្គីនេះផងដែរ ៕ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប