អភិបាលខេត្តកំពង់ចាម​ ពន្លឿន​ការ​សាងសង់​​វិមានឯករាជ្យ ឲ្យបាន​រួចរាល់ មុន​ថ្ងៃទី​៩ វិច្ឆិកា​ ​២០២២​ ខណៈ​ការស្ថាបនា​សម្រេច​បាន​ប្រមាណ​ជាង​៥០%

0

កំពង់ចាម​:​ ​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្តកំពង់ចាម​ នាព្រឹក​ថ្ងៃទី​១៧​ ខែមិថុនា​ ឆ្នាំ​២០២២​នេះ​ បាន​ជម្រុញ​ដល់​ក្រុម​ការងារ​បច្ចេកទេស​ឲ្យ​ពន្លឿន​ការ​សាងសង់​​វិមានឯករាជ្យ ធ្វើ​យ៉ាងណា​ឲ្យបាន​រួចរាល់ មុន​ថ្ងៃទី​៩ វិច្ឆិកា​ ​២០២២​ ខណៈ​ដែល​ការស្ថាបនាសម្រេច​បាន​ប្រមាណ​ជាង​៥០%ហេីយនោះ​ ។

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែង​ថា ការរៀបចំ​សាងសង់​វិមានឯករាជ្យ​ ស្ថិត​នៅក្នុង ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម​ នេះ គឺអាជ្ញាធរខេត្ត​មានបំណង​ទុកជា​សម្បត្តិ​វប្បធម៌​ទេសចរណ៍​​ ​ប្រវត្តិសាស្ត្រ និងលេីក​កម្ពស់​សោភ័ណ្ឌភាពទីក្រុង​ សំដៅ​ទៅលើ ខួបកំណើត​នៃ​កង​យុទ្ធ​ពល​ខេ​មរ​ភូ​មិន ដែលជា​ស្នាម​ព្រហស្ថ របស់ព្រះ​រម​រតន​កោដ្ឋ ព្រះបាទ ន​រោ​ត្ដម សីហនុ ដែល​ព្រះអង្គ​បាន​ដណ្ដើម​ឯករាជ្យ ពី​អាណានិគម​បារាំង នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។​

គួរ​​រំលឹកថា ទីតាំង​ដែល​ឯកឧត្តម​​អភិបាលខេត្ត សម្រេច​សាងសង់​វិមានឯករាជ្យនេះ គឺ​នៅ​ចំណុច​ផ្លូវ​កៅស៊ូ​មាត់ច្រក​ចូលទៅ​សាលា​គរុកោសល្យ​ខេត្តកំពង់ចាម ដោយ​ចំណុច​នេះ ឯកឧត្តម​​អភិបាលខេត្ត បាន​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ សាងសង់​ពង្រីក​ផ្លូវជាតិ​ឲ្យបាន​ធំ​ទូលាយ ចាប់ពី​ចំណុច​នាគព័ន្ធ រហូតមកដល់​ចំណុច​ទន្លេ​អុំ ដើម្បី​បង្កើន​សោភ័ណភាព នៃ​ចំណុច​វិមានឯករាជ្យ ឲ្យ​ក្លាយទៅជា​កន្លែង​ទេសចរណ៍ សម្រាប់​ប្រជាពលរដ្ឋ មក​កម្សាន្ត​ផងដែរ ។

គួរ​បញ្ជាក់​ថា​ បន្ទាប់​ពី​បាន​ពិនិត្យ​ការ​សាងសង់​វិមានឯករាជ្យ​ខាងលើ​រួច​ ​ឯកឧត្តមអភិបាលខេត្ត​ ក៏បាន​ដឹកនាំ​ក្រុម​ការងារ​ អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋានសាងសង់អាគារពហុបំណងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម ដែលមានទីតាំងស្ថិតនៅក្នុង ភូមិតាណេង សង្កាត់សំបូរមាស ក្រុងកំពង់ចាម ដេីម្បី​ពន្លឿន​ការ​សាងសង់​ឲ្យ​បាន​ឆាប់​រួចរាល់​ផង​ដែរ​ ៕