ខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋនៅស្រុកបវេលអស់ជាច្រើនខ្នង

ខេត្តបាត់ដំបង ÷ ចាប់តាំងពីដើមសប្តាហ៍ទី៣ នៃខែមិថុនា កន្លងទៅនេះ គឺសង្គេតឃើញថា នៅក្នុងខេត្តបាត់ដំបង មានស្រុកមួយចំនួនបានទទួលរងនូវសម្ពាធ នៃខ្យល់កន្ត្រាក់ ធ្វើអោយលំនៅឋានរបស់ប្រជាពលរដ្ឋ ខូចខាតអស់ជាច្រើនខ្នង តែមិនមានបង្កអោយប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។

ជាក់ស្តែងនៅថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០២២ វេលាម៉ោង ៤ និង ៤៥នាទី ល្ងាច គឺមានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង ដោយបានអូសបន្លាយពេលជាងមួយម៉ោង ព្រមទាំងមានខ្យល់កន្ត្រាក់បោកបក់លាយឡំមកជាមួយផង។

បើតាមសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋានគឺបានបញ្ជាក់ថា ខ្យល់កន្ត្រាក់បានបោកបក់ចូលទៅលើ ភូមិសំណាងព្រះស្រី ក្នុងឃុំបឹងប្រាំ នៃស្រុកបវេល បណ្ដាលអោយខូចខាតផ្ទះប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរចំនួន៦ខ្នង

ដោយក្នុងនោះមានមួយខ្នង បានខ្ទេចខ្ទីទាំងស្រុង ប៉ុន្តែជាសំណាងល្អដែលមិនមានប៉ះពាល់ដល់មនុស្ស និងសត្វដោយបច្ចុប្បន្នអាជ្ញាធរមូលដ្ឋាន បានរាយការណ៍ទៅថ្នាក់ខេត្តរួចហើយ ៕ អត្ថបទ : ព្រាប.ស