ឧត្តមសេនីយ៍ទោ សោម ស៊ុននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀលប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន

កំពង់ធំៈ ឧត្តមសេនីយ៍ទោ សោម ស៊ុនប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងថ្នាក់ដឹកនាំនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនស្រុកប្រាសាទបល្ល័ង្ក នាំយកថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល និងអំណោយស្បៀងអាហាររបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី  មានអង្ករចំនួន៥០គីឡូវក្រាម  មីចំនួន២កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ  ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន  នៅនៅភូមិខ្មាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ។ 

គ្រួសារសពអតីតយុទ្ធជនពិការឈ្មោះ ស៊ិន អុន  អាយុ៥៩ឆ្នាំ ចូលបម្រើកងទ័ពនៅឆ្នាំ១៩៨៩ នៅយោធាស្រុកប្រាសាទបល្ល័ង្ក ត្រូវរបួសនិងពិការនៅឆ្នាំ១៩៩៣ ទទួលមរណភាព  ដោយរោគាពាធ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ និងបានចូលរួមសោកស្ដាយចំពោះការបាត់បង់ជីវិតរបស់បងប្អូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិនិងប្រជាជន និងសូមបួងសួងដល់វិញ្ញាណក្ខន្ឋលោក ស៊ិន អុន សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។ 

ឧត្តមសេនីយ៍ទោ សោម ស៊ុន  បានបញ្ចាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា លោកបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីដោះស្រាយរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជនយើង មានដូចជាការបែងចែកដីធ្លី ការសាងសង់ផ្ទះសម្បែង ជូនបងប្អូនអតីតយុទ្ធជន  ដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដ និងការផ្ដល់នៅប័ណ្ណបេឡាជាតិសន្តិសុខសង្គម ជូនបងប្អូនអតីតយុទ្ធជន សម្រាប់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ និងនៅពេលអតីយុទ្ឋជនទទួលមរណភាព ក្រុមគ្រួសារសពទទួលបានថវិកា បេឡាមរណសង្គ្រោះសម្រាប់ធ្វើបុណ្យ សព គឺជាការផ្ដួចផ្ដើមឡើងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្ដាំផ្ញើដល់គ្រួសារសពអតីតយុទ្ធជន ត្រូវខិតខំថែរក្សាសុខភាព ឲ្យជៀសផុតពីជំងឺកូវីដ-១៩ ។

ក្រុមគ្រួសារសពអតីតយុទ្ធជន ថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន  សែន បានបង្កើតសមាគមអតីតយុទ្ធជនកម្ពុជា នៅគ្រប់លំដាប់ថ្នាក់ ដើម្បីមើលថែទាំសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងសូមគោរពជូនពរសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមការងារគណៈកម្មាធិការសមាគមអតីតយុទ្ធជន ទាំងអស់  សូមទទួលបាននូវពុទ្ធពរទាំងឡាយ៥ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ ប៊ុន រដ្ឋា