ពិធីបុណ្យពុទ្ធាភិសេក និងឆ្លងសម្នាក់លោកតាកក្រហមក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ រាល់សមិទ្ធផលដែលបានក៏កើតឡើង តាមទីវត្តអារាមនានាក្នុងព្រះរាជាណាចក្រកម្ពុជា គឺអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព មានស្ថេរភាពនយោបាយខឿនសេដ្ឋកិច្ចរឹងមាំ នេះគឺជាប្រសាសន៍លើកឡើងរបស់លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតថ្លែងក្នុងពិធីបុណ្យពុទ្ធាភិសេក និងឆ្លងសម្នាក់លោកតាកក្រហមនៅវត្ត រតនរាមហៅវត្តផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ នាថ្ងៃទី 3 ខែកក្កដាឆ្នាំ 2022។
ព្រះសិរីរក្ខិតវស្ស តែម ម៉ាច ព្រះគ្រូចៅអធិការវត្ត ផ្សារកណ្ដាលនិងជាទីប្រឹក្សា សម្ដេចព្រះមណសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេពវង្ស ព្រះអង្គមានសង្ឃដិកាបញ្ជាក់ថា សមិទ្ធផលទាំងអស់ដែលបានក៏កើតឡើង គឺជាសទ្ធាជ្រះថ្លា របស់ប្រជាពុទ្ធបរិស័ទ សប្បុរសជនក្នុងក្រៅប្រទេសជាពិសេស អស់លោកលោកស្រី អាជីវករ ក្នុងក្រុងប៉ោយប៉ែត ដែលបានលះបង់កម្លាំងកាយចិត្ត ធនធានថវិកាដើម្បីជួយកសាង រួមមានសមិទ្ធផលជាច្រើន។ ព្រះតេជគុណមានសង្ឃដិការបន្តថា ក្នុងរយៈពេល 7 ខែដើមឆ្នាំ 2022 នេះ ត្រូវបានចំណាយអស់ថវិកាប្រមាណជិត 20 ម៉ឺនដុល្លារសហរដ្ឋអាមេរិច ដោយសមិទ្ធផលខ្លះបានរួចរាល់និងសមិទ្ធផលមួយចំនួន កំពុងសាងសង់ដូចជា សាលាពុទ្ធិកសិក្សាជាដើម ម៉្យាងវិញទៀតព្រះសង្ឃគង់នៅវត្តនេះមានចំនួនច្រើនអង្គ កំពុងសិក្សារៀនសូត្រដូចនេះក្នុងនាមជាអ្នកគ្រប់គ្រង ត្រូវទទួលរាប់រងចំណាយច្រើនក្នុងមួយថ្ងៃៗ ហើយព្រះអង្គសូមអំពាវនាវដល់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយនិងសប្បុរសជន ពិសេសអាជីវករក្នុងក្រុងប៉ោយប៉ែត ជួយផ្គត់ផ្គង់ដល់ព្រះសង្ឃ ព្រមទាំងចូលរួមជាសទ្ធាជ្រះថ្លាជួយកសាងនៅសាលាពុទ្ធិកសិក្សា ដែលជាសាលាសម្រាប់ព្រះសង្ឃបានរៀនសូត្រផងដែរ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានមានប្រសាសន៍កោតសសើរដោយស្មោះចំពោះ ការចូលរួមជាសទ្ធាជ្រះថ្លាចំពោះបងប្អូនប្រជាពលរដ្ឋ សប្បុរសជនដែលបានរួមសាមគ្គីគ្នាហើយជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីបន្តអភិវឌ្ឍលើគ្រប់វិស័យមិនថាពុទ្ធចក្រឬអាណាចក្រ។ ចុងក្រោយលោក គាត ហ៊ុល ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការចាក់វ៉ាក់សាំង ដូសបន្តបន្ទាប់ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ចាប់ពីអាយុ 3 ឆ្នាំឡើងទៅ នៅតាមមណ្ឌលសុខភាពព្រោះថាមេរោគឆ្លងកូវីដ19 នេះ នៅមិនទាន់ទៅណាឆ្ងាយពីយើងនោះទេ ដូចនេះសូមធ្វើការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ព្រោះថាបច្ចុប្បន្ននេះប្រទេសយើងនៅមានអ្នកឆ្លងជំងឺកូវីដ19 នៅក្នុងសហគមន៍មួយចំនួន ប៉ុន្តែវាឆ្លងតិចតួចប៉ុណ្ណោះមូលហេតុដែលយើងបានចាក់វ៉ាក់សាំងការពារ។ដោយ៖ឃិន គន្ធា