សម្តេចតេជោ ហ៊ុន សែន សាងស្ពានព្រះពន្លានៅសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់អំណោយ កសាងស្ពានបេតុងព្រះពន្លាមានបណ្តោយ ១២០ម ទទឹង១០ម ឆ្លងស្ទឹងសិរីសោភ័ណ ម្តុំវត្តព្រះពន្លា នាភូមិ៤និងភូមិព្រៃឬស្សីសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ។
នាយឧត្តមសេនីយ៍ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ -ប្រធានកងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប ថ្លែងអោយដឹងដូច្នេះកាលពីល្ងាចថ្ងៃទី០៣ខែកក្កដាឆ្នាំ២០២២ ខណ:អញ្ជើញចុះពិនិត្យទីតាំងគម្រោង ។
ក្នុងឱកាសនោះក៏មានវត្តមាន លោកខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឡុង វុធ អនុប្រធានមន្ទីររៀបចំដែនៃដីនគរោបនីយកម្ម សំណង់និងសូរិយោដីខេត្ត លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោកនាង ហាវ អភិបាលរង…និងពលរដ្ឋទទួលផលផងដែរ។
បើយោងនាយឧត្តមសេនីយ៍ខេង សុមេធ ថា : លោកនាយឧត្តមសេនីយ៍ -ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យទើបបានស្នើទៅសម្តេចតេជោ ហើយសម្តេចក៏ឆ្លើយតបពីម្សិលមិញ ថាត្រូវចាប់ផ្តើមសាងសង់ស្ពានមួយជាបន្ទាន់ ។
សូមបញ្ជាក់ថា សំណង់ស្ពានបេតុងនេះ នឹងត្រូវសាងសង់ជំនួសស្ពានឈើចាស់ទ្រុឌទ្រោមដែលបានបាក់ដួលរលំខូចខាតដោយទឹកជំនន់កាលពីថ្ងៃទី១៣ខែតុលាឆ្នាំ២០២០កន្លងមក ។
ហើយការសាងសង់នេះ ជាឆ្លើយតបទាន់ចិត្ត បន្ទាប់ពីព្រះសង្ឃ អាចារ្យ គណកម្មការ ពុទ្ធបរិស័ទ ពលរដ្ឋនៅសង្កាត់ព្រះពន្លានិងក្រុងសិរីសោភ័ណបានសំណូមពរកាលពីអំឡុងយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ដែលបានបោះឆ្នោតកាលពីថ្ងៃទី៥ខែមិថុនាឆ្នាំ២០២២ ថ្មីៗ ។
ក្នុងនោះ អាជ្ញាធរដែនដី ដលលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ពិសេសលោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន បានអះអាងនិងសន្យា ថា នឹងស្ថាបនាស្ពានបេតុងថ្មីសន្លាងជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ការដឹកជញ្ជូន សិស្សានុសិស្សទៅសាលារៀន ព្រះសង្ឃនិងពុទ្ធបរិស័ទធ្វើដំណើរទៅវត្តអារាម ។
សូមរំលឹកថា នៅភូមិសាស្ត្រក្រុងសិរីសោភ័ណ មន្ត្រីអាជ្ញាធរដែនដី និងមន្ត្រីមន្ទូីរសាធារណការនិងដឹកជញ្ជូនខេត្ត ដែលជាក្រុមការងារចុះជួយអះអាងកាលពីអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ថា ក្នុងក្រុងមានគម្រោងកសាងស្ពានថ្មថ្មីធំៗចំនួន៣ កន្លែងឯណោះ។
រួមមាន:១/ស្ពានថ្មឆ្លងស្ទឹងសិរីសោភ៍ណ វត្តព្រះពន្លាសង្កាត់ព្រះពន្លាជំនួសស្ពានឈើចាស់បានបាក់ដោយសារចាស់ជរានិងទឹកជំនន់ ។
២/ ស្ពានថ្មកាត់ស្ទឹងសិរីសោភ៍ណ ភ្ជាប់ភូមិចក និងភូមិព្រះពន្លានៃសង្កាត់ព្រះពន្លា ។
និង៣/ស្ពានថ្ម ទំនប់បង្ហៀរ កណ្តោលភូមិ-សង្កាត់ទឹកថ្លា ៕ដោយ៖ឃិន គន្ធា