លោក សាយ គឹមឡម បានជំរុញដល់រដ្ឋបាលឃុំត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងដើម្បីលើកកម្ពស់ប្រសិទ្ធិភាពការងារ

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញជាអធិបតីប្រកាសសុពលភាព មេឃុំ ជំទប់ និងក្រុមប្រឹក្សាឃុំអាណត្តិទី៥របស់ឃុំចំណាលើ ដែលប្រព្រឹត្តទៅសាលាឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។

ថ្លែងនៅក្នុងឱកាសដ៏វិសេសវិសាលនេះ លោកបាន
បានជំរុញដល់រដ្ឋបាលឃុំត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងដើម្បីលើកកម្ពស់ប្រសិទ្ធិភាពការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយ តម្លាភាពនិងឆាប់រហ័ស។ លោកក៏បានបន្ថែមថា រដ្ឋបាលឃុំត្រូវបង្កើតបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ការអនុវត្តការងារ ប្រកបដោយគណនេយ្យភាព ព្រមទាំងមានឥរិយាបទសមរម្យ មិនរើសអើងនិន្នាការនយោបាយ ហើយត្រូវធ្វើអ្វីៗទៅតាមការណែនាំនិងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗដែលរាជរដ្ឋាភិបាលបានដាក់ជូន ជាពិសេស គឺលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ។

លើសពីនេះលោក សាយ គឹមឡម បានសង្កត់ធ្ងន់ថា សាមគ្គីភាពផ្ទៃក្នុងនេះពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលក្នុងនាមយើងមានឈាមជ័រខ្មែរតែមួយ ត្រូវសហកាគ្នា ដើម្បីបន្តកិច្ចការដែលរដ្ឋបាលឃុំចាស់ដែលនៅសេសសល់ហើយត្រូវនាំគ្នាបន្តអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនបានល្អបរដើរឡើង។

ជាមួយនេះលោក ញឹម សារ៉ុម ដែលជាមេឃុំត្រូវបានប្រកាសចូលកាន់តំណែងនៅពេលនេះ បានប្តេជ្ញាអភិវឌ្ឍ ព្រមទាំងពង្រឹងពង្រីកសមិទ្ធផលការងារថ្មីៗបន្ថែមទៀតដើម្បីបម្រើសេចក្តីត្រូវការរបស់ពលរដ្ឋនិងលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនពលរដ្ឋប្រកបដោយតម្លាភាព ការជឿទុកចិត្ត និងឆាប់រហ័ស សមភាពយេនឌ័រផងដែរ។

ជាចុងក្រោយ លោក សាយ គឹមឡម បានជំរុញដល់លោកមេឃុំនិង ប្រជាពលរដ្ឋ គ្រប់ៗគ្នានៅក្នុងស្រុកស្ទោងទៅចាក់វ៉ាក់សាំងដូសជំរូញឲ្យបានគ្រប់ៗគ្នានៅតាមមណ្ឌលសុខភាពដែលនៅជិតផ្ទះរបស់ខ្លួនហើយលោកក៏បានណែនាំបន្ថែមទៀតដល់គ្រប់ភូមិឃុំទាំងអស់ត្រូវធ្វើបច្ចុប្បន្នភាពអ្មកចាក់វ៉ាក់សាំងឲ្យបាមជាក់លាក់និងឆាប់រហ័សបំផុតដើម្បីរដ្ឋបាលស្រុកស្ទោង
និងគ្រប់អ្នកពាក់ព័ន្ធបន្តចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ១៩ជូនគាត់តាមភាពជាក់ស្តែងនិងបញ្ចប់វិនាសកម្មកូវីដ១៩ឲ្យខានតែបាន។