អភិបាលខេត្តកំពង់ចាម ប្រាប់ មេឃុំ ចៅសង្កាត់ ថ្មីថា ការផ្តល់សេវាសាធារណៈលើគ្រប់វិស័យជូនប្រជាពលរដ្ឋ គឺជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែងថា ការផ្តល់សេវាសាធារណៈលើគ្រប់វិស័យជូនប្រជាពលរដ្ឋ គឺជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយក្នុងចំណោមតួនាទី និងការទទួលខុសត្រូវសំខាន់ៗនានារបស់រដ្ឋបាលឃុំ សង្កាត់នីមួយៗ ការ ថ្លែង បែប នេះ ក្នុង ឱកាស ប្រារព្ធ ពិធី ប្រកាស សុពលភាព ចៅសង្កាត់ វាលវង់ ក្រុងកំពង់ចាម នារសៀល ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២២ ។

ក្នុង ឱកាស នោះ ដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន លេីកឡេីងថា ដើម្បីឆ្លើយតប និងដោះស្រាយនូវសំណើ សំណូមពរ និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ។ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការផ្តល់សេវានានានៅមូលដ្ឋាន បញ្ហាគន្លឹះសំខាន់គឺការបំពេញតួនាទី ភារកិច្ចរបស់តួអង្គស្នូល សំខាន់ចំនួន៥ ដែល ក្នុង នោះមាន គឺ (១)មេឃុំ ចៅសង្កាត់, (២)ស្មៀនឃុំ សង្កាត់, (៣)ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ (៤)មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព និង(៥)មេភូមិ ។

ជាមួយគ្នា នោះ ឯកឧត្តមអភិបាលខេត្ត ក៏បាន ស្នើឲ្យតួអង្គទាំង ០៥ខាងលើនេះ ខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវា សាធារណៈនានាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកបក្សពួក គ្រួសារនិយម និងនិន្នាការនយោបាយ ដើម្បីបង្កើនជំនឿទុកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋ ព្រមទាំងត្រូវអនុវត្តឲ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តកំណត់ ផងដែរ ៕