កងកម្លាំងសមត្ថកិច្ចការពារព្រំដែន និងប្រជាពលរដ្ឋ រួមគ្នាយកថ្មដែលធ្លាក់លើផ្លូវឡើងច្រកទ្វារអានសេះចេញវិញហើយនៅថ្ងៃនេះ

ខេត្តព្រះវិហារ ៖ អភិបាលស្រុកជាំក្សាន្ត លោក វុធ តារា នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំកងកម្លាំងនគរបាលការពារព្រំដែន យោធាការពារព្រំដែន ប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅផ្សារអានសេះ បានយកគ្រឿងចក្រចុះសម្អាតដុំថ្មដែលធ្លាក់ពីចង្កេះភ្នំមកលើផ្លូវ ប៉ះពាល់ដល់អ្នកធ្វើដំណើរ ឡើងទៅច្រកទ្វាតអានសេះ។

លោក វុធ តារ៉ា បានថ្លែងឱ្យដឹងថា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ឡើងចុះច្រកព្រំដែអានសេះ និងដើម្បីអបអរសាទរច្រកព្រំដែនអានសេះ ដែលនឹងបើកដំណើរឱ្យប្រជាពលរដ្ឋនៃប្រទេសទាំង២ កម្ពុជា-ថៃ បានឆ្លងកាត់ឡើងវិញ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ លោកបានដឹកនាំកងកម្លាំងនគរបាល យោធា ការពារព្រំដែន លោកប្រធានច្រក និងប្រជាពលរដ្ឋផ្សារអានសេះ យកគ្រឿងចក្រទៅកាយ ឈូសសម្អាតដុំថ្មដែលធ្លាក់លើផ្លូវចេញ។

លោកអភិបាលស្រុកជាំក្សាន្ត បានបញ្ជាក់ថា តាមពិតដុំថ្មដែលធ្លាក់មកពីលើភ្នំ ត្រង់ចំណុចចង្កេះភ្នំផ្លូវឡើងច្រកអានសេះនោះ អាជ្ញាធរស្រុកបានណែនាំក្រុមការងារចុះសម្អាតម្តងរួចមកហើយកាលពីម្សិលមិញនេះ គឺសម្អាតដោយដៃ ធ្វើយ៉ាងណារើសដុំថ្មតូចៗចេញ ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរជាបណ្តោះអាសន្នសិន។

លោកថា ស្របពេលដែលច្រកព្រំដែនអានសេះនឹងបើកដំណើរការនៅប៉ុន្មានថ្ងៃខាងមុខនេះ ច្បាស់ណាស់នឹងមានប្រជាពលរដ្ឋ រថយន្ត តូច ធំ បើកឆ្លងកាត់ ដូច្នេះទើបលោកសម្រេចដឹកនាំកងកម្លាំង និងយកគ្រឿងចក្រមកសម្អាតចេគ ហើយក៏ដើម្បីជាការអបអរសាទរ ថ្ងៃបើកច្រកព្រំដែននាពេលខាងមុខនេះដែរ។

សូមបញ្ជាក់ថា គ្រោះធម្មជាតិដុំថ្មធ្លាក់ពីលើភ្នំ ត្រង់ចង្កេះភ្នំផ្លូវឡើងទៅកាន់ច្រកព្រំដែនអានសេះ បានកើតឡើងកាលពីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ហើយនៅថ្ងៃម្សិលមិញនេះ អាជ្ញាធរស្រុកជាំក្សាន្ត បានប្រកាសជូនដំណឹងឱ្យពលរដ្ឋឆ្លងកាត់ផ្លូវនេះមានការប្រុងប្រយ័ត្ន ដោយដុំថ្មធំៗមួយចំនួនមិនទាន់យកចេញពីផ្លូវ ប៉ុន្តែថ្ងៃនេះដុំថ្មទាំងតូច ទាំងធំ ត្រូវបានយកចេញទាំងអស់ហើយ៕