អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវ ដល់ សិស្សានុសិស្ស ឲ្យចូលរួមដំណើរការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់

ត្បូងឃ្មុំ : ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បាន អំពាវនាវ ដល់ សិស្សានុសិស្សជាយុវជនគំរូនិងជាជនបង្គោល ឲ្យចូលរួមដំណើរការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ តាមរយ:ការថែទាំខ្លួនឱ្យស្អាតស្អំ មិនប៉ះពាល់ជាមួយនឹងគ្រឿងញៀន និងជួយអប់រំណែនាំមិត្តភក្តិ និងគ្រួសារចៀសឱ្យឆ្ងាយពីគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ ការ ស្នេីឡេីង បែប នេះ ក្នុង ឱកាស ប្រារព្ធ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៍» នាព្រឹក ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២២ នៅខេត្ត ត្បូងឃ្មុំ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បាន ស្នេីដល់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវតឹងរឹងបំផុតជៀសវាងឲ្យបានជាដាច់ខាត់គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយ កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងករណីបទល្មើស គ្រឿងញៀន ពិសេស គឺ ត្រូវបង្ការបង្រ្កាបរាល់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន អោយមានប្រសិទ្ធភាព បំផុត ។

ជាមួយគ្នានោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ ក៏បានជំរុញដល់អាជ្ញាធរសមត្ថកិច្ចដែលពាក់ព័ន្ធ ត្រូវបន្តធ្វើសកម្មភាពផ្សព្វផ្សាយ អប់រំឲ្យកាន់តែល្អប្រសើរ សកម្ម និងផុលផុសថែមទៀត ដោយបន្តពង្រឹង និងពង្រីកកិច្ចសហការ និងចលនាឲ្យ មានការចូលរួម និងគាំទ្រពីគ្រប់សមាសភាពនៃសង្គម សំដៅធ្វើយ៉ាងណាឲ្យគ្រប់ក្រុមគោលដៅទាំងអស់ បានទទួលការ ផ្សព្វផ្សាយអប់រំ និងយល់ដឹងកាន់តែច្បាស់អំពីច្បាប់ និងផលប៉ះពាល់ពាក់ព័ន្ធនឹងគ្រឿងញៀន ។

គួរ បញ្ជាក់ ថា ក្នុង ពិធី នេះក៏មានការដុតបំផ្លាញ ចោល នូវគ្រឿងញៀន ដែលទទួលបានពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តចំនួន៣ ដែលបង្ក្រាបបានក្នុងដែនសមត្ថកិច្ចខេត្តត្បូងឃ្មុំ ក្រចេះ និងខេត្តកំពង់ចាម ផងដែរ ៕