ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ ដឹកនាំកម្លាំងអាវុធហត្ថចុះស្ទាក់ចាប់រថយន្ត១គ្រឿង ដែលដឹកជញ្ជូនសត្វគោឆ្លងដែនពីឡាវ ចូលមកខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា

0

ខេត្តស្ទឹងត្រែង៖ អភិបាលស្រុក និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ លោក លី មីនា បានដឹកនាំកម្លាំងកងរាជអាវុធហត្ថស្រុក ប្រដេញស្ទាក់ចាប់រថយន្ត ១គ្រឿង ដែលរងការសង្ស័យ ដឹកជញ្ជូនសត្វគោឆ្លងដែន ពីឡាវចូលមកខេត្តស្ទឹងត្រែងកម្ពុជា ដោយខុសច្បាប់។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅលើដងផ្លូវជាតិលេខ៧ ខាងក្រោមក្រុមហ៊ុនចំការចេក ស្ថិតក្នុងភូមិរិទ្ធីសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

អភិបាលស្រុកបុរីអូរស្វាយសែនជ័យ លោក លី មីនា បានប្រាប់ឲ្យដឹងនៅថ្ងៃ១៩កក្កដានេះថា ក្រោយទទួលបានការរាយការណ៍ពីអ្នកសារព័ត៌មាន ថាមានរថយន្តដឹកជញ្ជូនសត្វគោឆ្លងដែនពីឡាវ ចូលមកខេត្តស្ទឹងត្រែង ដោយឆ្លងកាត់ដែនដីរដ្ឋបាលស្រុក ដែលលោកគ្រប់គ្រងនោះមក លោកបានប្រញាប់ដឹកនាំកម្លាំងកងរាជអាវុធហត្ថស្រុក ចុះស្ទាក់ចាប់រថយន្តដឹកសត្វគោនោះភ្លាមៗ ផងដែរ។

លោក លី មីនា បានបន្តថា ក្រោយការសាកសួរអ្នកដឹកគោនេះ បានប្រាប់ថា សត្វគោទាំងអស់ គឺពួកគេបានទិញពីប្រជាជនឡាវ ហើយដឹកឆ្លងដែន នាំយកមកធ្វើលិខិត នៅក្នុងឃុំស្រែសំបូរ ស្រុកសៀមប៉ាង រួចហើយបានដឹកតាមរថយន្តពណ៌ខៀវ ១គ្រឿង ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-4226 ដោយធ្វើដំណើរឆ្លងកាត់ស្រុកបូរីអូរស្វាយសែនជ័យ និងរថយន្តនេះក៏ត្រូវបានចាប់ឃាត់ទុកក្នុងពេលនោះ ដើម្បីប្រគល់ទៅឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ចាត់ការជាបន្ត ត្រង់ថា មន្ទីរកសិកម្មខេត្ត មានចំណាត់ការបែបណា គឺជាសមត្ថិច្ចរបស់មន្ត្រីជំនាញកសិកម្មខេត្តស្ទឹងត្រែង។

គួរបញ្ជាក់ថា បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅក្នុងគ្រាបច្ចុប្បន្ននេះ សកម្មភាពដឹកជញ្ជូនសត្វពាហនៈឆ្លងដែន ដោយខុសច្បាប់ កំពុងតែបន្តកើតមានជាប្រចាំ នៅតាមច្រករបៀងនានា តាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ក្នុងស្រុកបុរីអូរស្វាយសែនជ័យ និងស្រុកសៀមប៉ាង និងសកម្មភាពនេះ គេបានដាក់ការសង្ស័យថា អាចមានការឃុបឃិតគ្នាពីមន្ត្រីការពារព្រំដែន រួមជាមួយអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋាននោះ បើពុំនោះទេ ការដឹកជញ្ជូនសត្វពាហនៈ ឬទំនិញគេចពន្ធគយឆ្លងដែននានាទៀត មិនអាចធ្វើទៅបានដោយរលូនបែបនេះឡើយ។

ដោយឡែក សត្វគោច្រើនក្បាលដែលក្រុមឈ្មួញទុច្ចរិត ដឹកជញ្ជូនឆ្លងដែន និងនាំមកធ្វើសំបុត្រទិញ-លក់ និងដឹកជញ្ជូនយកទៅលក់ ហើយត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ ចាប់បាននៅពេលនោះ គឺក្រុមឈ្មួញបាននាំចូលតាមច្រករបៀងចន្លោះបង្គោលឡាក់លេខ ៣៥-៣៦ ហៅ ណាចំប៉ា ស្ថិតក្នុងភូមិសំរោង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

នៅក្នុងការបញ្ជាក់លិខិតទិញ-លក់សត្វគោ ក្របីនេះ មានការស៊ីញ៉េទទួលដឹងឮ ពីមេភូមិសំរោង លោក កិះ ប៊ុនមី និងមេឃុំស្រែសំបូរ លោក ស៊ិន ម៉ាន់ ដោយអនុញ្ញាតឲ្យដឹកជញ្ជូនសត្វក្របី នាំឆ្ពោះទៅកាន់គោលដៅ ស្រុកវើនសៃ ខេត្តរតនគិរី ដែលជាខេត្តជាប់ព្រំដែន ប្រទេសវៀតណាម។

អ្នកប្រឹក្សាច្បាប់មួយរូប បានបញ្ជាក់ថា ការនាំទំនិញគេចពន្ធឆ្លងដែន គឺជាបទល្មើសគយ ជាបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន និងក៏ជាបទល្មើសប្រឆាំងការសម្អាតប្រាក់ ផងដែរ៕ដោយ៖ឡុង សំបូរ