ប្រធានក្រុមប្រឹក្សាឃុំ ជំរុញឱ្យសមាជិកក្រុមប្រឹក្សាឃុំ និងមេភូមិធ្វើយ៉ាងណាត្រូវមានឆន្ទៈ និងស្មារតីទទួលខុសត្រូវក្នុងការបម្រើប្រជាពលរដ្ឋ ដើម្បីជួយពន្លឿនក្នុងការអភិវឌ្ឍនៅតាមមូលដ្ឋានឲ្យបានឆាប់រហ័ស

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ សាលាឃុំសាលាវិស័យស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំត្រូវបានរៀបចំ កិច្ចប្រជុំប្រចាំខែ និងប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាឃុំអាណត្តិទី៥ ដែលទើបទទួលបានអាសនៈ នៅក្នុងការបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានប្រកាសដោយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតនាពេលថ្មីៗកន្លងមកនេះ ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក
ជិន ហ៉ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យ សម្រាប់អាណត្តិថ្មី ដោយអនុវត្តតាមសេចក្តីណែនាំលេខ ០១៣ សណន របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំកិច្ចប្រជុំលើកដំបូង និងការចាប់ផ្តើមចូលបំពេញការងារក្នុងអាណត្តិទី៥នេះ ។

ក្នុងនោះ លោកប្រធានបានលើកឡើងអំពីចក្ខុវិស័យ និងទស្សនវិស័យរបស់រដ្ឋបាលឃុំដែលបម្រើឱ្យប្រជាពលរដ្ឋ គឺត្រូវធ្វើយ៉ាងណាខិតខំបន្តបម្រើប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាប្រឈមព្រមទាំងសំណូមពររបស់ពួកគាត់ដែលពួកគាត់កំពុងតែជួបប្រទះក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ពិសេសរដ្ឋបាលឃុំត្រូវយកចិត្តទុកដាក់ ចំពោះបញ្ហាចម្បងៗ មានដូចជា បញ្ហាហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ធធារាសាស្រ្ត ទឹកស្អាត ការដាំដុះដំណាំកសិកម្ម នឹងបញ្ហាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ។ បញ្ហាបទល្មើសគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ទំនាស់ដីធ្លី ត្រូវដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលធ្វើយ៉ាងណាត្រូវតែមានឆន្ទះ ស្មារតីទទួលខុសត្រូវក្នុងការបម្រើពួកគាត់គ្រប់ពេលវេលា។

លោក ជិន ហ៊ីន បានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ដើម្បីសម្រេចបាននៅការកសាងនិងអភិវឌ្ឍន៍មានភាពឆាប់រហ័សទៅលើមូលដ្ឋានសហគមន៍រដ្ឋបាលឃុំមានទិសដៅដូចខាងក្រោម ÷ពង្រឹងសណ្ដាប់ធ្នាប់សាធារណៈរៀបចំនិងជួសជុលផ្លូវដែលខូចខាត រៀបចំដាក់បង្គោលភ្លើងបំភ្លឺតាមដងផ្លូវ ពិនិត្យនិងរៀបចំអ្នកដែលប្រើប្រាស់ សង់រំលោភចំណីផ្លូវ ចុះពិនត្យរៀបចំបរិស្ថានតាមរម្មណីស្ថាននានា ចុះស្រង់ផែនការតម្រូវការសំណូមពរក្នុងការក៏សាងផែនការនិងអភិវឌ្ឍឃុំរយះពេល ៥ ឆ្នាំ។ បន្តចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនៅភូមិសាលាវិស័យ
បើកវគ្គបណ្តុះបណ្តាលអំពីកិច្ចការងាររដ្ឋបាលនិតិវិធីការចុះហត្ថលេខានានាដល់ថ្នាក់ដឹកនាំ ភូមិ ចុះស្រង់មុខសញ្ញាអ្នកលេងល្បែងស៊ីសងគ្រប់ប្រភេទ ចុះជំរុញនិងផ្តល់ក្នុងការដាំដើមឈើតាមសាលារៀនវត្តអារាមនិងទីសាធារណៈនានា។ ចលនាការសម្អាតបរិស្ថានតាមដងផ្លូវភូមិនិងទីសាធារណៈនានា។

លោក ហង្ស ឡែម នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាវិស័យ បានលើកឡើងនឹងផ្ដោតសំខាន់ទៅលើភូមិឃុំមានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ០៧យ៉ាង ÷
១.ផ្ដល់សេវាសាធារណៈជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាពតម្លាភាពនិងទទួលបានជំនឿទុកចិត្តពីបងប្អូនប្រជាពលរដ្ឋ ។ ២.ធ្វើយ៉ាងណាបង្ក្រាបឲ្យបានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ។ ៣.មានសណ្ដាប់ធ្នាប់សាធារណៈរបៀបរៀបរយល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។ ៤.គ្មានអំពើអាណាចារគ្មានការជួញដូរមនុស្សពិសេសស្ត្រីនិងកុមារគ្មានអំពើហិង្សាក្នុងគ្រួសារនិងគ្មានក្មេងទំនើងក្នុងសហគមន៍។ ៥.ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាពនិងប្រសិទ្ធភាព ដោយយុត្តិធម៌។ ៦.មានអនាម័យមានសុខភាពល្អនិងមានបរិស្ថានល្អនៅតាមមូលដ្ឋានក្នុងសហគមន៍របស់ខ្លួន ។ ៧.ឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយនឹងជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។