មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់មន្ត្រីក្រោមឱវាទ ឲ្យពង្រឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃខុសច្បាប់ ដែលបានកើតឡើងនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន

0

ខេត្តព្រះវិហារ៖ ប្រសាសន៍ដាស់តឿនរបស់ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានថ្លែង ក្នុងគ្រាដែលលោក បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី-ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថសម្រាប់ ខែកក្កដា និងលើកទិសដៅការងារសម្រាប់ ខែសីហាឆ្នាំ២០២២ និងការប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ របស់ក្រសួងការពារជាតិ ដល់នាយទាហាន និងនាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ចំនួន ១២នាក់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ​ បានមានប្រសាសន៍ថា ការផ្តល់ជូនប័ណ្ណសរសើរ និងលិខិតសរសើរ របស់ក្រសួងការពារជាតិ ដល់នាយទាហាន និងនាយទាហានរង នៃកងរាជអាវុធហត្ថខេត្តទាំង ១២នាក់ នៅក្នុងពេលនេះ គឺជាការលើកទឹកចិត្តដល់យោធិន ដែលមានស្នាដៃ និងបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនយោធិន អតីតយុទ្ធជន និងគ្រួសារ រួមទាំងប្រជាពលរដ្ឋ ក្នុងគ្រាដែលកម្ពុជា និងពិភពលោក កំពុងរងនូវការរីករាលដាលជំងឺកូវីដ-១៩ នាគ្រាកន្លងមក។

លោកឧត្តមសេនីយ៍ មេបញ្ជាការ បានថ្លែង កោតសរសើរដល់យោធិន នៃកងរាជអាវុធហត្ថខេត្ត ក្រុង ស្រុកទាំងអស់ ដែលគោរព និងអនុវត្តន៍តាមតួនាទី ភារកិច្ច និងបទបញ្ជាថ្នាក់លើ ក្នុងការចូលរួមក្នុងវិស័យមនុស្សធម៌ សង្គមធម៌ និងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានយ៉ាងល្អប្រសើរ នៅគ្រាកន្លងទៅ និងនៅពេលបច្ចុប្បន្ន។

ទន្ទឹមនឹងការការកោតសរសើរនេះ លោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ក៏បានថ្លែងក្រើនរំលឹក និងបានដាក់ចេញនូវបទបញ្ជា តាមខ្លឹមសារផ្សព្វផ្សាយរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ​ ដល់នាយទាហាន និងនាយទាហានរង នៃកងរាជអាវុធហត្ថខេត្តទាំងអស់ ឲ្យខិតខំពង្រឹងការទប់ស្កាត់ និងបង្ក្រាបនូវបទល្មើសព្រៃឈើ និងសត្វព្រៃខុសច្បាប់ ដែលកើតឡើងនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីថែរក្សាធនធានធម្មជាតិ ដែលនៅសេសសល់ចុងក្រោយនេះឲ្យបានគង់វង្ស ទុកជាកេរ្តិ៍ដំណែលសម្រាប់កូនចៅយើង ជំនាន់ៗក្រោយទៀត៕ដោយ៖ឡុង សំបូរ