រថយន្តដឹកសំរាមចំនួន 3 គ្រឿង ដែលជាអំណោយ របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងស្ថានទូតជប៉ុនប្រចាំកម្ពុជាបានប្រគល់ជូនដល់រដ្ឌបាលក្រុងកំពង់ឆ្នាំង រដ្ឋបាលស្រុករលាប្អៀរនិងរដ្ឋបាលស្រុកកំពង់ត្រឡាច នៅក្នុង ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ នេះឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាល ខេត្តកំពង់ឆ្នាំង រួមជាមួយអភិបាលរងខេត្ត លោកនាយករដ្ឋបាល និងប្រធានមន្ទីរបរិស្ថាន បានប្រគល់រថយន្តដឹកសំរាមចំនួន៣គ្រឿងជូនដល់ រដ្ឋបាលក្រុងកំពង់ឆ្នាំង រដ្ឋបាលស្រុករលាប្អៀរនិង រដ្ឋបាល ស្រុកកំពង់ត្រឡាច ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងស្ថានទូតជប៉ុនប្រចាំកម្ពុជា។

រថយន្តដឹកសំរាមទាំងនេះនឹងចូលរួមគាំទ្រផ្តល់សេវាប្រមូល សម្អាត ដឹកជញ្ជូនសំរាម សំណល់រឹងនៅក្នុងមូលដ្ឋាន បានកាន់តែល្អប្រសើរ និងធានានិរន្តរភាព ព្រមទាំងភាពជាម្ចាស់របស់អាជ្ញាធរមូលដ្ឋានក្នុងការគ្រប់គ្រងសំរាមសំណល់រឹង។

ក្នុងឱកាសនោះដែរ ឯកឧត្តមបានបន្តពិនិត្យមើលកូនដើមក្ងោក និងដើមម៉ៃសាក់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដមរដ្ឋមន្ត្រី ក្រសួងបរិស្ថាន ផ្ដល់ជូនដល់រដ្ឋបាលខេត្ត សម្រាប់ដាំលម្អនៅតាមដងផ្លូវ និងទីសាធារណៈផងដែរ។

ជាចុងក្រោយ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក៏បានណែនាំដល់រដ្ឋបាលក្រុង ស្រុក ឲ្យរៀបចំផែនការដាំកូនដើមឈើទាំងនោះ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងនិងទីប្រជុំជនឲ្យកាន់តែល្អប្រសើរថែមទៀត៕សុខ គឹមសៀន