អភិបាលខេត្តកំពង់ចាម ថ្លែងអំណរគុណ សមាគមន៍សាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានចូលរួម អភិវឌ្ឍ លើ វិស័យ សុខាភិបាល

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅ ចំពោះសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានជួយការកែលម្អអគារ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារបរិក្ខារបម្រើឲ្យមន្ទីរពេទ្យបង្អែក ក្នុង ខេត្តកំពង់ចាម ។ ការ ថ្លែង បែប នេះ ក្នុង ឱកាស អនុញ្ញាត ឲ្យ ប្រតិភូសមាគមន៍សាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ចូល ជួប សម្ដែង ការ គួរសម និង រាយការណ៍ អំពី វឌ្ឍនភាព នៃ ការ កែលំអ មន្ទីរពេទ្យ បង្អែក ស្រុកព្រៃឈរ នាព្រឹក ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២២ នៅ សាលាខេត្តកំពង់ចាម ។

គួររំលឹក ថា កន្លងមក នេះថ្នាក់ដឹកនាំ សមាគម និកាយ សាសនា ចក្រ នៃ ព្រះ យេស៊ូគ្រិស្ត នៃ ពួក បរិសុទ្ធ ថ្ងៃ ចុង ក្រោយ បានជួយ ឧបត្ថម្ភ ជា សម្ភារៈ បរិក្ខារ ពេទ្យ ដេីម្បី ជួយ សង្គ្រោះ ដល់ អាយុជីវិត ប្រជាពលរដ្ឋ យើង ព្រមទាំង បាន ជួយ បណ្ដុះបណ្ដាល វិជ្ជាជីវៈ ដល់ មន្ត្រី សុខាភិបាល នៅ តាម មណ្ឌលសុខភាព និង មន្ទីរពេទ្យ បង្អែក មួយ ចំនួន ក្នុង នោះ ក៏ មាន ការ ជួយ ដល់ មន្ទីរ ពេទ្យ បង្អែក ស្រុក ជេីងព្រៃ ដែលមានទំហំទឹកប្រាក់ ប្រមាណ ជាង២២ ម៉ឺន ដុល្លារ ដោយបាន ធ្វើការកែលម្អអគារ សំណង់ហេដ្ឋារចនាសម្ពន្ធ គិតជាថវិកា ជាង១៥ម៉ឺន ដុល្លារ និង បំពាក់សម្ភារៈ បរិក្ខារបម្រើឲ្យមន្ទីរពេទ្យ ចំនួន ៣៤មុខ ស្មើនឹង ១៨៤គ្រឿង គិតជាថវិកាជាង៦ម៉ឺន ដុល្លារ ។ ចំពោះ មន្ទីរពេទ្យ បង្អែក ស្រុកស្រីសន្ធរ មានទំហំទឹកប្រាក់ ប្រមាណ ជាង ២៦ម៉ឺនដុល្លារ ក្នុងនោះ កែលម្អអគារ និងសំណង់ហេដ្ឋារចនាសម្ពន្ធ គិតជាថវិកាជាង១៥ ម៉ឺន ដុល្លារ និងបំពាក់សម្ភារៈ បរិក្ខារបម្រើឲ្យមន្ទីរពេទ្យ ចំនួន ៣០មុខ ស្មើនឹង ៥៩គ្រឿង គិតជាថវិកាជាង ១០ ម៉ឺន ដុល្លារ ។ និងមន្ទីរពេទ្យបង្អែកស្រុកកងមាស មានទំហំទឹកប្រាក់ ប្រមាណ ជាង៧ម៉ឺន ដុល្លារ ក្នុងនោះ កែលម្អអគារ សំណង់ហេដ្ឋារចនាសម្ព័ន្ធ គិតជាថវិកាជាង៤ម៉ឺន ដុល្លារ (សែសិបពីរពាន់បីរយប៉ែតសិបដុល្លារ) និងបំពាក់សម្ភារៈ បរិក្ខារបម្រើឲ្យមន្ទីរពេទ្យ ចំនួន ១មុខ ស្មើនឹង ១ គ្រឿង គិតជាថវិកាចំនួន ៣ម៉ឺន ដុល្លារ ៕