ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រគល់ សញ្ញាបត្រ ដល់និស្សិតជ័យលាភីជាង ១០០០នាក់ នៃសាខាសាកលវិទ្យាល័យវេស្ទើន សាខាខេត្តកំពង់ចាម

កំពង់ចាម : ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានអញ្ជើញប្រគល់ សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដល់ និស្សិតជ័យលាភីចំនួន ១.២៦២នាក់ នៃសាខាសាកលវិទ្យាល័យវេស្ទើន សាខាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នៅមណ្ឌលអភិរក្សសួនគ្រញូងនគរបាជ័យខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង ថ្នាក់ដឹកនាំសាកលវិទ្យាល័យវេស្ទើនជាច្រើនរូបទៀត។

ថ្លែងក្នុង ពិធី នោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មានប្រសាសន៍ទៀតថា វិស័យអប់រំបានដើរតួនាទីជាក្បាលម៉ាស៊ីនជំរុញការអភិវឌ្ឍលើគ្រប់វិស័យ និងធានានិរន្តរភាពនៃការអភិវឌ្ឍ ទាំងនោះ ប្រៀបបាននឹងរោងចក្រកែច្នៃមនុស្ស ដែលជាកោសិកាមួយដ៏សំខាន់នៅក្នុងសង្គម ហើយពួកគេត្រូវមានចំណេះដឹង មានសមត្ថភាពវិជ្ជាជីវៈ មានសមត្ថភាពស្រាវជ្រាវក្នុងការបង្កើតគោលការណ៍ ទ្រឹស្តី និងមូលដ្ឋានសម្ភារៈថ្មីនានា ដើម្បីបម្រើសេចក្តីត្រូវការរបស់សង្គមមនុស្ស នៅក្នុងបរិបទនៃសម័យឌីជីថល អច្ឆរិយៈបច្ចេកវិទ្យា និងវិទ្យាសាស្ត្រទំនើប។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា “មាស ដែលចម្រាញ់ចេញពីរ៉ែធម្មជាតិ វាគង់នឹងរីងស្ងួតអស់នៅពេលណាមួយ ប៉ុន្តែ មាស ដែលចម្រាញ់ពីខួរក្បាលមនុស្ស ពិតជាមិនអាចរីងស្ងួតអស់នោះទេ”។ ដោយរាជរដ្ឋាភិបាល បានពង្រឹងនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដើម្បីធានា និងសម្រេចឱ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រ ជាពិសេសជាងពីឆ្នាំមកនេះ បានការពារ និងទប់ស្កាត់ប្រកបដោយប្រសិទ្ឋិភាពនូវជម្ងឺកូវីដ១៩ ផ្តល់ឱកាសមាសមួយសម្រាប់ក្មួយៗទទួលបានការសិក្សារៀនសូត្រ ដើម្បីអប់រំខ្លួនយើងឱ្យក្លាយទៅជាពលរដ្ឋល្អនៅក្នុងសង្គម ។

ជាមួយគ្នា នោះ លោកឧកញ៉ា តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ វេស្ទើន បានមានប្រសាសន៍ថា អស់រយៈពេលជិត២០ឆ្នាំមកនេះ សកលវិទ្យាលវេស្ទើន បានចូលរួមបណ្តុះបណ្តាលធនធានមនុស្សដោយឈរលើគោលការណ៏គុណភាពជាចម្បង ដោយទទួលបាននូវការវាយតម្លៃខ្ពស់ពីស្ថាប័នជាតិ និងអន្តរជាតិអំពីគុណភាពនៃការសិក្សា និងបានធ្វើកិច្ចសហការជាមួយសកលវិទ្យានានាលើសកលលោក ពិសេសថ្មីៗនេះ សាកលវិទ្យាល័យវេស្ទើន បានចុះកិច្ចព្រមព្រៀងជាមួយសាកលវិទ្យាល័យ យ៉ុងណាម ដែលជាសាកលវិទ្យាល័យដ៏ធំ និងល្បីល្បាយនៃសាធារណៈរដ្ឋកូរ៉េ លើជំនាញ ចលនាភូមិថ្មី (សាម៉ោលអុនឌុង) ដែលមានចរិតជួយដល់កសិករ ពាណិជ្ជករ ផលិតករ នៅតាមទីជនបទ ក្នុងការផលិត និងរកទីផ្សារសម្រាប់ផលិតផលក្នុងស្រុក ៕