ក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ ប្រើកណ្ដាប់ដៃដែក ដើម្បីការពារតំបន់បេតិកភណ្ឌ

នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប ឯកឧត្តម ជា សុផា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយ បញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់ គ្រងរបស់អាជ្ញាធរជាតិអប្សរា រួមជាមួយ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រ សិល្បៈ និងជាអនុប្រធានក្រុមការងារតម្រង់ទិស ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងជាអនុប្រធានក្រុមការងារតម្រង់ទិស និង ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញ ចូលរួមពិធីបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដីនិងសំណង់ ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ។
យុទ្ធនាការនេះ ក្នុងគោលដៅការពារតំបន់រមណីយដ្ឋានអង្គរដែលបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌ ពិភពលោកឆ្នាំ១៩៩២ មានទំហំ៤០១គីឡូម៉ែត្រការ៉េ ជាតំបន់ដែលចាត់ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវ រក្សាការពារដាច់ខាត មិនអាចកាត់ឆ្កៀលបានឡើយ ។ កម្ពុជាក្នុងនាមរដ្ឋសមាជិក មានភារកិច្ចរក្សាការពារតំបន់រមណីយដ្ឋានអង្គរ ដែលជាមរតកកេរ្តិ៍ដូនតា ជាអត្តសញ្ញាណនៃដួងព្រលឹងរបស់ជាតិ ក៍ដូចជាតម្លៃជាសកល នៃសម្បត្តិបេតិកភណ្ឌពិភពលោក សម្រាប់មនុស្សជាតិទាំងមូល ។
ក្នុងពេលថ្មីៗនេះ នាដើមឆ្នាំ២០២២. មានអ្នកឆ្លៀតឱកាសសាងសង់សំណង់ខុសច្បាប់រាប់រយករណី បន្ថែមពីលើករណីសំណង់ខុសច្បាប់ជាច្រើនទៀតដែលបានរំលោភបំពាន នាពេលកន្លងមក ក្នុងតំបន់ការពារ នៃរមណីយដ្ឋានអង្គរ ហើយសំណង់ខុសច្បាប់អស់ទាំងនេះ ត្រូវធ្វើការរុះរើចេញជាបន្ទាន់ដោយផ្ទាល់ខ្លួនឯង ។ ទន្ទឹមនេះ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បន្តចាត់វិធានការទប់ស្កាត់ការសាងសង់ រុះរើសំណង់ខុសច្បាប់ ហាមឃាត់ការទិញលក់ដីធ្លីនិងផ្ទះគ្រប់ប្រភេទ និងមិនផ្ដល់លិខិតគតិយុត្តផ្សេងៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាដាច់ខាត ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងជាប្រធាននៃក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់មួយចំនួនទៀត ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដី បានថ្លែងយ៉ាងហ្មឺងម៉ាត់ថា ចាប់ពីពេលនេះតទៅក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ នឹងមិនពិនិត្យឬក៏ធ្វើការខ្វៀលដី ផ្នែកខ្លះ ដែលស្ថិតនៅក្នុងតំបន់ការពារបេតិកភណ្ឌអង្គរទំហំ៤០១គីឡូម៉ែត្រក្រឡា ដើម្បីផ្ដល់ឲ្យប្រជាពលរដ្ឋធ្វើជាកម្មសិទ្ធណាមួយឡើយ ។ ឯកឧត្តម ជា សុផារ៉ា បានថ្លែងបញ្ជាក់ទៀតថា ដោយសារតែព្រះរាជក្រិត្យលេខ០០១នសចុះថ្ងៃទី២៨ខែឧសភាឆ្នាំ១៩៩៤ បានចាត់ទុករមណីយដ្ឋានអង្គរជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ហើយចំណូលដែលបានពីវិស័យទេសចរណ៍អង្គរ ទទួលបានរាប់រយលានដុល្លារក្នុង១ឆ្នាំៗនោះ ចាប់ពីពេលនេះតទៅ គឺអាជ្ញាធរទាំងអស់ត្រូវបញ្ចប់ ការទទួលស្គាល់ ការធ្វើជាសាក្សីនូវរាល់ចរន្តនៃលក់ដូរដីធ្លី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ចំណែកប្រជាពលរដ្ឋដែលកំពុងតែរស់នៅក្នុងតំបន់១និងតំបន់២ នៃរមណីយដ្ឋានអង្គរ ក៏កុំច្រឡំ និង ឈប់ស្រមើស្រមៃថា អាចនឹងទទួលបានសិទ្ធិកាន់កាប់ដីធ្លី តទៅទៀតនៅថ្ងៃណាមួយឲ្យសោះ។ «ចំពោះប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់១និងតំបន់២នៃរមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ជាយូរមកហើយនោះ គឺពួកគាត់មានសិទ្ធិរស់នៅបន្តដោយគ្មានការបណ្ដេញឲ្យចាកចេញឡើយ ក៏ប៉ុន្តែការធ្វើផ្ទះថ្មីជំនួសផ្ទះចាស់ ឬក៏ការជួសជុលផ្ទះត្រូវតែសុំការច្បាប់អនុញ្ញាតពីអាជ្ញាធរជាតិអប្សរា» ។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ឯកឧត្តម ជាសុផារ៉ា បានហៅសំណង់ខុសច្បាប់ទាំងនោះថាជាអំពើគួរឲ្យខ្មាស់អៀន ។ ក្នុងនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុំឲ្យអាជ្ញាធរខេត្តសៀមរាប ចេញលិខិតនិរាករ លើលិខិតជូនដំណឹងមួយស្នើឲ្យ អាជ្ញាធរជាតិអប្សរាផ្អាកការចុះរុះរើសំណង់ខុសច្បាប់ផងដែរ ។យុទ្ធនាការនេះ មានកម្លាំងសរុបចំនួន ៧៧៩ រូប ចែកចេញជា ៣២ ក្រុម ក្នុងនោះ មន្ត្រីជំនាញរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំនួន ៤៣៩ រូប, មន្ត្រីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំនួន ២៣២ រូប និងមន្ត្រី រដ្ឋបាលខេត្តសៀមរាបចំនួន ១០៨រូប ដើម្បីចុះវាស់វែង កំណត់និយាមកណ្ដាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដីនិងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោម ការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ ឯកសារស្ថិតិប្រជាពលរដ្ឋស្ថិតក្នុងតំបន់ការពារទី១ និងការពារទី២ នៃរមណីយដ្ឋានអង្គរដែលរៀបចំដោយអាជ្ញាធរជាតិអប្សរានាឆ្នាំ២០០៤-២០០៥ នឹងត្រូវប្រើប្រាស់ជាឯកសារគោល ដើម្បីពិនិត្យការកាន់កាប់ដី និងសំណង់ស្របច្បាប់ ឬមិនស្របច្បាប់ក្នុងរមណីយដ្ឋានអង្គរ ។ ក្រុមការងារតម្រង់ទិសពិនិត្យលទ្ធភាពផ្តល់ដីនៅតំបន់អភិវឌ្ឍន៍រុនតាឯក សម្រាប់ដោះស្រាយជាយថាហេតុ ជូនប្រជាពលរដ្ឋដែលគ្រប់លក្ខខណ្ឌ ក្នុងការទទួលបាននៅទីតាំងលំនៅថ្មី។ ចំពោះអ្នកបន្តទន្ទ្រានដីក្នុងតំបន់នេះ និងអ្នកមិនរុះរើសំណង់ខុសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។
ក្រុមការងារតម្រង់ទិស សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋនិងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ផ្តល់កិច្ចសហការ ជាមួយក្រុមការងារបច្ចេកទេសដែលចុះបំពេញភារកិច្ចនៅគ្រប់គោលដៅក្នុងតំបន់រមណីយដ្ឋានអង្គរ ចាប់ពី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យ ៕ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប