ទំនប់ទឹកមួយដ៏ធំ និងផ្លូវបេតុង១ខ្សែ នៅលើខ្នងភ្នំដងរ៉ែក បានរងការបាក់ស្រុត ហូរច្រោះដាច់ជាអន្លើៗ ក្រោមការទ្រទម្ងន់ នៃដំណក់ទឹកភ្លៀង

0

ខេត្តព្រះវិហារ៖ នៅប៉ុន្មានថ្ងៃមកនេះ ភ្លៀងបានបង្អុរចុះមកស្រោចស្រព លើភ្នំដងរ៉ែក និងដែនដីរដ្ឋបាលស្រុកជាំក្សាន្ត បានធ្វើឲ្យទំនប់មួយដ៏ធំនៅលើខ្នងភ្នំ រងការហូរច្រោះ បាក់ស្រុត និងផ្លូវបេតុង ១ខ្សែ ក៏បានរងការច្រោះដាច់ដោយអន្លើរៗ ផងនោះដែរ។

មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ លោកឧត្តមសេនីយ៍ត្រី ចាន់ សុខុន អមដំណើរដោយលោកវរសេនីយ៍ឯក ជា ឈុន មេបញ្ជាការរង និងជានាយសេនាធិការ នៃកងពលតូចអន្តរាគមន៍លេខ៨ នៅថ្ងៃទី២១សីហា២០២២ បានដឹកនាំកម្លាំងអន្តរាគមន៍ចុះទប់ទំនប់ កាយរុក្ខជាតិ ដើមឈើ ដុំថ្ម និងកាយដី ដែលបាក់ធ្លាក់លើផ្លូវចេញ ក្នុងគ្រានោះផងដែរ។

មេបញ្ជាការរង និងជានាយសេនាធិការ នៃកងពលតូចអន្តរាគមន៍លេខ៨ លោកវរសេនីយ៍ឯក ជា ឈុន បានថ្លែងឲ្យដឹងថា ទំនប់ទប់ទឹកដ៏ធំ ១កន្លែង ដែលកំពុងរងការហូរច្រោះ បាក់ស្រុតទាំងស្រុង ដោយសារលំហូរទឹកភ្លៀងធ្លាក់ចុះមកប៉ុន្មានថ្ងៃជាប់ៗគ្នានេះ គឺជាទំនប់ទឹកអន្លង់ក្រពើ មានទីតាំងនៅលើខ្នងភ្នំដងរ៉ែក  ហើយនៅក្នុងពេលនេះ កងកម្លាំងបាន និងកំពុងខិតខំយ៉ាងសស្រាក់សស្រាំ ដើម្បីទប់ទំនប់នោះហើយ។ ចំណែក ផ្លូវបេតុង ១ខ្សែ ឡើងទៅកាន់ភ្នំតាងោល ក៏បានរងការហូរច្រោះដាច់ បាក់ដី និងជ្រុះដុំថ្មសង្កត់លើ ដោយសារទឹកភ្លៀង អស់ជាច្រើនកន្លែង មិនអាចធ្វើដំណើរឡើងភ្នំបានឡើយ។

លោកវរសេនីយ៍ឯក ជា ឈុន បានស្នើដល់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយដងស្ទឹង អូរ និងតំបន់ដែលងាយរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចៀសវាងកើតមានឡើងនូវគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុណាមួយ ដោយសារមានការធ្វេសប្រហែស៕ s/b