ឯកឧត្តម អ៊ុក កំពូលបានដឹកនាំក្រុមការងារ ជួបពិភាក្សាជាមួយក្រុមការងារមន្ទីរព័ត៌មាននិងពិនិត្យមើលទីតាំង ត្រៀមរៀបចំប្រឡងសំនៀងជនពិការកម្ពុជាពានរង្វាន់សម្តេចតេជោហ៊ុន សែនលើកទី២

កំពង់ឆ្នាំង ៖ ក្រុមការងាររៀបចំកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២ ដឹកនាំដោយ ឯកឧត្តម
អ៊ុក កំពូល អគ្គនាយករងព័ត៌មាននិងសោតទស្សន៍ កាលពី រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញជួបពិភាក្សាការងារ ជាមួយក្រុមការងាររបស់មន្ទីរព័តមានខេត្តកំពង់ឆ្នាំង ត្រៀមរៀមចំការប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២ វគ្គជម្រុះថ្នាក់ខេត្តនៅខេត្តកំពង់ឆ្នាំង ។

លោក ហឹង ចូច អនុប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា កន្លងមកនេះក្រុមកងាររបស់មន្ទីរ បានដំណើរការផ្សព្វផ្សាយ ជូនដំណឹង ស្តីពី កម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ មានវិទ្យុ ទូរទស្សន៍ និង បណ្តាញសង្គមផងដែរ ។ ក្រៅពីនេះក្រុមកងារបានចុះទៅតាមបណ្តាលស្រុកនិងនីមួយៗ ដើម្បីចងបដាផ្សព្វផ្សាយ ធ្វើយ៉ាងណាង ឱ្យដំណឹងនេះ បានដឹងដល់ បង
ប្អូនជនមានពិការភាព ដែលមានទេព្យកោសល្យ មានឱកាសចូលរួមប្រឡង ក្នុងកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជាពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២ នេះ ។

លោក អនុប្រធានមន្ទីរ បានឲ្យដឹងថា សម្រាប់ខេត្តកំពង់ឆ្នាំង ចាប់តាំងពីដើមខែកក្កដា រហូតមកដល់ពេលនេះ ពាក្យប្រឡងត្រូវបានចែកជូនដល់ជនមានពិការភាព បានចំនួន៩៨ច្បាប់ហើយ នឹង កំពុងបន្ត ចែកជូនជាបន្តបន្ទាប់ទៀតរហូតដល់ថ្ងៃទី៣១ សីហា ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុក កំពូល បានសំដែងនូវការកោតសរសើរចំពោះក្រុមការងារ របស់មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ដែលបានសហការគ្នារៀបចំចាត់ចែង ឱ្យដំណើរការវគ្គដំបូងនេះបានប្រព្រឹត្តិទៅដោយរលូន ទាំងការចែកពាក្យ ការផ្សព្វផ្សាយជូន
ដំណឹង គឺបានឆាប់រហ័ស ។

ឯកឧត្តម បានបញ្ជាក់ទៀតថា នៅក្នុងដំណាក់កាលបន្តទៀត ក្រុមការងារត្រូវរួមសហការជាមួយ និង អាជ្ញាធរ មន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំការប្រឡងវគ្គជម្រុះនៅថ្នាក់ខេត្ត នាពេលខាងមុខដោយគិតគូឱ្យបានច្បាស់លាស់ ធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍នេះ ដំណើរការទៅបានល្អប្រសើរ ។

ក្នុងឱការនោះក្រុមការងារបានអញ្ជើញទៅពិនិត្យមើលទីតាំងសួនសម្តេចចៅហ្វាវាំង គង់ សំអុល ដែលក្រុមការងារគ្រោង រៀបចំដំណើរការប្រឡងថ្នាក់ខេត្ត នាពេលខាងមុខឆាប់ៗនេះ ។

កម្មវិធីប្រឡងសំនៀង ជនពិការកម្ពុជា ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា លើកទី២នេះធ្វើឡើង ក្រោមពាក្យស្លោក “ អរគុណសន្ដិភាព នាំមកនូវក្ដីសង្ឃឹម ” ៕
សុខ គឹមសៀន