កូនតិរិច្ឆាន ប្រើប្រាស់ថ្នាំញៀនខ្លាំងពេក ដុតផ្ទះឪពុក ម្តាយខ្លួនឯងឆេះគ្មានសល់

ខេត្តបាត់ដំបង ÷ ផ្ទះមួយខ្នងដែលសង់ឡើងអំពីថ្មក្រោម ឈើលើ ត្រូវបានអណ្តាតភ្លើងឆាបឆេះខ្ទេចទាំងស្រុង ដោយសារស្នាដៃកូនប្រុសតិរិច្ឆានដែលបានប្រើប្រាស់ថ្នាំញៀនខ្លាំងរហូតបែកទៅហើយ។ករណីដុតផ្ទះខ្លួនឯងនេះ បានកើតឡើង នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៥ និង ១០ នាទី ល្ងាច នៅចំណុច ភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។
ករណីភ្លើងឆេះនេះ បានបំផ្លាញផ្ទះ១ខ្នង ធ្វើអំពីឈើលើ ថ្មក្រោមដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ មានបណ្តោយ ១២ ម៉ែត្រ និង ទទឹង ៨ ម៉ែត្រ ជាផ្ទះរបស់ឈ្មោះ ឈិត ស៊ង ភេទប្រុស អាយុ ៧៦ ឆ្នាំ រស់នៅ ក្រុមទី២ ភូមិ ឃុំកើតហេតុខាងលើ បណ្តាលអោយឆេះអស់ទាំងស្រុង ។
នៅពេលនោះដែរកម្លាំងសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកបាណន់ ជួយពន្លត់ រួមជាមួយនិងរថយន្តកែឆ្នៃ ដើម្បីទប់ស្កាត់ការរាលដាលទៅផ្ទះអ្នកដទៃ។
នៅពេលនោះដែរ លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានបញ្ជាកម្លាំង អោយឃាត់ខ្លួនកូនបង្កើត ឈ្មោះស៊ង សំរស់ ភេទប្រុស អាយុ ៤២ ឆ្នាំ ដែលជាអ្នកដុតបំផ្លាញ (ជាមនុស្សប្រើប្រាស់ថ្នាំញៀន ) ដើម្បីនាំខ្លួនយកទៅកាន់អធិការដ្ឋានហើយ ៕ អត្ថបទ : ព្រាប.ស