ទឹកទន្លេមេគង្គបានហក់ឡើងកម្ពស់ ១២.២២ម៉ែត្រ បណ្តាល ឲ្យ ទឹកហូរ ចូលកន្លែងទំនាប និងព្រែកចំនួន ២២ លើ ៤១ ព្រែក ក្នុង ខេត្តកំពង់ចាម

កំពង់ចាម : ស្ថានភាពទឹកទន្លេមគង្គក្នុងខេត្តកំពង់ចាមនៅថ្ងៃទី២៣ ខែសីហាឆ្នាំ២០២២ បានហក់ឡើងសារជាថ្មីកម្ពស់ ជាង កន្លះ ម៉ែត្រ ត្រឹមរយៈពេល ២៤ម៉ោង ធ្វើឲ្យទឹក កេីនឡេីង កម្ពស់ ១២.២២ម៉ែត្រ ពោលគឺ ទឹកខ្ពស់ជាងឆ្នាំមុន ដែល មាន កម្ពស់ ត្រឹមតែ ៨.១៦ម៉ែត្រ ប៉ុណ្ណោះ ។

លោក អ៊ុម វិបុល ប្រធាន មន្ទីរ ធនធានទឹក និង ឧតុនិយម ខេត្តកំពង់ចាម បាន បញ្ជាក់ ថា កម្ពស់ ទឹកទន្លេមេគង្គ ត្រឹម រយៈពេល ២៤ម៉ោង បាន ហក់ឡើង កម្ពស់ ០.៦៦ម៉ែត្រ ធ្វើ ឲ្យ ទឹក កេីនឡេីង កម្ពស់ ១២.២២ម៉ែត្រ ខណៈ កម្ពស់ ទឹក ដែល ត្រូវ ប្រកាស ការ ប្រុងប្រយ័ត្ន ១៥.២០ម៉ែត្រ បណ្តាល ឲ្យ ទឹកហូរ ចូលកន្លែងទំនាប និងព្រែកចំនួន ២២ លើ ៤១ ព្រែក ក្នុង ខេត្តកំពង់ចាម ដែល ក្នុង នោះ ទឹក បានលូនចូល ស្ថិតនៅ ក្នុងស្រុកស្ទឹងត្រង់ចំនួន៥ ស្រុកកំពង់សៀម៣ ស្រីសន្ធរ២ កោះសូទិន៥ និងក្នុងស្រុកកងមាស ចំនួន ៧ ព្រែក ។

បេីយោងតាម សេចក្តីជូនដំណឹង របស់ ក្រសួង ធនធានទឹក និង ឧតុនិយម (ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២២ ) ព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ស្ថានភាពបែបនេះនឹងធ្វើឲ្យ តំបន់ទំនាបកណ្តាល នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ទន្ទឹមនោះផ្នែកខ្លះក៍អាចមានភ្លៀងជាបង្គួរ ទៀត ផង ។ ចំពោះ តំបន់ខ្ពង់រាបនឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ ទន្ទឹមនោះផ្នែកខ្លះក៍ អាចមានភ្លៀងជាបង្គួរផងដែរ ។ ដោយឡែក តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ ផងដែរ ៕