កិច្ចប្រជុំស្តីពីការអនុវត្តវិធានការរដ្ឋបាលជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍វ៉ៃកូជំហានទី២

ខេត្តស្វាយរៀង៖ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការអនុវត្តវិធានការរដ្ឋបាលជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍វ៉ៃកូជំហានទី២ ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត តំណាងគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ ក្រសួងធនធានទឹកនិងឧតុនិយម ក្រុមហ៊ុនសាងសង់ លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការអន្តរវិស័យសាលាខេត្ត លោកអភិបាលស្រុកស្វាយជ្រំ លោកស្រីមេឃុំ និងមេភូមិ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាស្ត្រវ៉ៃកូជំហានទី២នេះ ជាគម្រោងរបស់រាជរដ្ឋាភិបាលសម្រាប់ស្តុកទឹកប្រើប្រាស់ និងស្រោចស្រពដីស្រែប្រជាពលរដ្ឋរាប់ម៉ឺនហិចតា។ កន្លងមក ក្រុមការងារអន្តរក្រសួងដោះស្រាយផលប៉ះពាល់សហការជាមួយអនុគណៈកម្មការខេត្ត និងអាជ្ញាធរពាក់ព័ន្ធបានធ្វើការសម្របសម្រួលទូទាត់សំណងផលប៉ះពាល់តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលបានចំនួន៤៦៣គ្រួសាររួចហើយ។ ដោយឡែកមានប្រជាពលរដ្ឋចំនួន៤គ្រួសារ ដែលបានអាស្រ័យផលលើដីសាធារណៈរបស់រដ្ឋក្នុងអាងទឹកកំពង់ជ្រៃមិនព្រមទទួលយកការដោះស្រាយតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបង្កឱ្យមានការរាំងស្ទះដល់ការអនុវត្តគម្រោង។

ឯកឧត្តមអភិបាលខេត្តបានធ្វើការណែនាំដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធត្រូវចុះណែនាំដល់ប្រជាពលរដ្ឋទាំង៤គ្រួសារឱ្យបានយល់ និងទទួលយកតាមការដោះស្រាយរបស់គណៈកម្មការអន្តរក្រសួង។ ទន្ទឹមនោះឯកឧត្តមបានដាក់បទបញ្ជាដល់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធត្រូវសហការបង្ករលក្ខណៈគ្រប់បែបយ៉ាងដើម្បីដោះស្រាយចំពោះប្រជាពលរដ្ឋទាំង៤គ្រួសារខាងលើ មុននិងឈានដល់ការអនុវត្តវិធានការរដ្ឋបាល ដើម្បីក្រុមហ៊ុនអនុវត្តលើការងារសាងសង់តាមផែនការ និងធានាគុណភាព៕គឹមសេង