អភិបាលខេត្តព្រះវិហារ ក្រើនរំលឹកដល់សិក្ខាកាម ដែលទើបបញ្ចប់វគ្គហ្វឹកហ្វឺន ត្រូវពង្រឹងក្នុងការចុះអន្តរាគមន៍បង្ក្រាបបទល្មើសនានា ដើម្បីធានា និងការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង អោយបានល្អប្រសើរ

0

ខេត្តព្រះវិហារ៖ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី មានប្រសាសន៍បែបនេះ ក្នុងពេលដែលលោក បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នការងារអប់រំចិត្តសាស្ត្រ និងជំនាញស្រាវជ្រាវបង្ក្រាបបទល្មើស ប្រចាំឆមាសទី២ ឆ្នាំ២០២៣ របស់កងរាជអាវុធហត្ថខេត្ត នៅរសៀលថ្ងៃទី៥ ធ្នូ ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ។

ពិធីបិទវគ្គហ្វឹកហ្វឺន ដែលបានធ្វើឡើងរយៈពេល ២៥ថ្ងៃ ចាប់ពីថ្ងៃទី៦ ខែវិច្ឆិកា២០២៣ ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ដែលមានសិក្ខាកាមចូលរួមសរុប ៣៦នាក់ ស្រី ៥នាក់ នាថ្ងៃម្សិលមិញនោះ ក៏មានការអញ្ជើញចូលរួមពី តំណាងចៅក្រម និងព្រះរាជអាជ្ញា នៃសាលាដំបូងខេត្តព្រះវិហារ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និងសិក្ខាកាមនៅក្នុងវគ្គហ្វឹកហ្វឺន ផងដែរ។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានថ្លែងថា  វគ្គហ្វឹកហ្វឺននេះមានគោលបំណង ដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹងបន្ថែមអំពីតួនាទី ភារកិច្ច លើការបំពេញបេសកកម្ម ទាំងចំណេះដឹង និងចំណេះធ្វើ លើមុខវិជ្ជាច្បាប់និងជំនាញកងរាជអាវុធហត្ថ ដើម្បីធ្វើអោយនាយទាហាន និងនាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ មានស្មារតីទទួលខុសត្រូវ គោរពច្បាប់ មានវិន័យ ក្រមសីលធម៌ គុណធម៌ មានមនសិការ ការងារ និងមានអត្តចរិតស្លូតត្រង់។ លោកថា នៅក្រោយបញ្ចប់វគ្គហ្វឹកហ្វឺន សិក្ខាកាមទាំងអស់ នឹងយកចំណេះដឹង និងជំនាញទាំងនោះ ទៅបម្រើឆន្ទះប្រជាពលរដ្ឋ និងបម្រើប្រទេសជាតិ ដោយឥតងាករេ។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី មានប្រសាសន៍ផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹងដែលទទួលបានពីវគ្គហ្វឹកហ្វឺននេះ ទៅបន្តអនុវត្តក្នុងការអន្តរាគមន៍បង្ក្រាបបទល្មើស ដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ពិសេសនៅក្នុងខេត្តព្រះវិហារ ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការពង្រឹងនីតិរដ្ឋ ត្រូវចេះរួមសាមគ្គីគ្នា ដោយរួមគិត រួមធ្វើ រួមទទួលខុសត្រូវ និងកសាងបាននូវស្ថាប័នមួយដ៏រឹងមាំ ដើម្បីបន្តបេសកកម្មរបស់ខ្លួន អោយកាន់តែទទួលបានការជឿទុកចិត្ត ពីប្រជាពលរដ្ឋបន្ថែមទៀត ។

លោក គីម រិទ្ធី បានសម្តែងការអរគុណ ចំពោះថ្នាក់ដឹកនាំមកពីគ្រប់បណ្តាស្ថាប័ន មន្ទីរ អង្គភាពពាក់ព័្ធទាំងអស់ក្នុងខេត្ត និងបានកោតសរសើរដល់សិក្ខាកាមទាំងអស់ ដែលបានចូលរៀនវគ្គហ្វឹកហ្វឺន បំប៉នការងារអប់រំចិត្តសាស្ត្រ នៃជំនាញស្រាវជ្រាវបង្ក្រាបបទល្មើស មានរយៈពេល ២៥ថ្ងៃ កន្លងមកនេះ ដោយទទួលបានជោគជ័យ។ ហើយត្រូវយកចំណេះដឹង និងជំនាញទាំងនោះ ទៅបម្រើអោយផលប្រយោជន៍រួម ដើម្បីសង្គមជាតិទាំងមូល មានសណ្តាប់ធ្នាប់ល្អ ក្រោមម្លប់ នៃសុខសន្តិភាព៕ s/b