វគ្គបណ្តុះបណ្តាលគណៈកម្មការរៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុង នៅខេត្តកែប

ខេត្តកែប៖ សណ្ឋាគារ កែបបេ ខេត្តកែប នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ មានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលគណៈកម្មការរៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុង វគ្គបណ្តុះបណ្តាលនេះ បានការអញ្ជើញជាអធិបតីភាពពីសំណាក លោកស្រី ម៉ក់ សុវណ្ណស៊ីថា សមាជិកសភាមណ្ឌលភ្នំពេញ និងជាអនុប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុង កម្ពុជា លោក ព្រុំ គន្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោក vijitr Sittinawin ប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងថៃឡងដ៍ និងជាប្រធានស្តីទី សហព័ន្ធកីឡាទ្រីយ៉ាត្លុងអាស៊ី ព្រមទាំងបានការអញ្ចេីញចូលរួមពី អគ្គលេខាធិការ សហព័ន្ធ កីឡា ទ្រីយ៉ាត្លុង កម្ពុជា លោកប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តកែប កីឡាករ កីឡាការិនី លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនាឱកាស នោះ លោកស្រី ម៉ក់ វណ្ណស៊ីថា បានលេីកឡេីងថា៖ វគ្គបណ្តុះបណ្តាលថ្ងៃនេះ មានសិក្ខាកាមចំនួន៣០នាក់ ជាអត្តពលិកជម្រើសជាតិ មន្ត្រី និងលោកគ្រូបង្វឹក ចំពោះវគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់លើទ្រឹស្តី Technical Handbook 2023 និង Technical Committee និងការអនុវត្តជាក់ស្តែង លើឆ្នេរសមុទ្រស្រីសរ។ ចំពោះការសិក្សាលើ Technical Handbook 2023 និង Technical Committee ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឱ្យអត្តពលិក និងគណៈកម្មការរៀបចំការប្រកួតយល់ច្បាស់ពីច្បាប់ប្រកួតអន្តរជាតិ ឬស៊ីហ្គេម ជៀសវាងការយល់ខុស ឬមិនបានដឹងពីច្បាប់ប្រកួត ការរៀបចំប្រកួត ក្នុងនាមយើងជាម្ចាស់ផ្ទះយើងត្រូវតែស្វែងយល់អោយបានគ្រប់ជ្រុងជ្រោយ និងស្របតាមបទដ្ឋានអន្តរជាតិ។

លោក ព្រុំ គន្ធិ អភិបាលរងខេត្ត មានប្រសាសន៍ស្វាគមន៍ និងផ្តាំផ្ញើថា៖ ការរៀបចំវគ្គបណ្តុះបណ្តាលជូនដល់គណៈកម្មការរៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុងនៅពេលនេះ គឺធ្វើអោយមានបំណិនពិតប្រាកដ និងអាចយកចំណេះដឹង ទាំងនេះសម្រាប់អនុវត្តក្នុងការងារបច្ចេកទេសនៃការប្រកួត ដែលធ្វើអោយកីឡាករ កីឡាការិនី កាន់តែមានជំនឿចិត្ត និងអាចក្លាយទៅជាគណៈកម្មក្នុងការប្រកួតជាលក្ខណៈអន្តរជាតិជាដើម។ ការរៀបចំវគ្គបណ្តុះបណ្តាលដល់គណៈកម្មការរបស់សហព័ន្ធកីឡសទ្រីយ៉ាត្លុង គឺជាការចូលរួមចំណែកយ៉ាងធំធេង ក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិញ្ញាសារកីឡាទ្រីយ៉ាត្លុង ហើយចំពោះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ខេត្តកែប ក៏បានទទួលលើវិញ្ញាសាមួយនេះដែរ គឺកីឡាទ្រីយ៉ាត្លុង។ ជាមួយគ្នានេះ លោក អភិបាល រងខេត្ត ក៏សូមឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្តាប់លើការពន្យល់ ការអនុវត្តជាក់ស្តែង ឱ្យស្របទៅនឹងកម្មវិធីដែលបានគ្រោងទុក ជាពិសេស នៅពេលប្រកួតត្រូវប្រឹងអោយអស់ពីសមត្ថភាព ដើម្បីទទួលបានមេដាយ ជូនជាតិ មាតុភូមិរបស់យើង៕ សេង ណារិទ្ធ