រដ្ឋបាលស្រុកស្ទោង ជំរុញឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅ អមសង្ខាងផ្លូវជាតិលេខ៦ទាំងអស់គ្នា សូមជួយថែរក្សាផ្លូវជាតិ ប្រើប្រាស់បានយូរអង្វែង មានសោភ័ណភាពស្អាត បញ្ចៀសការគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗជាយថាហេតុ

កំពង់ធំ ÷ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២
លោក សាយ គឹមឡម អភិបាលស្រុកស្ទោង មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត រដ្ឋបាលឃុំចំណារក្រោម និងសហការី បានសហការគ្នាកៀរដីចំណីផ្លូវ ជាតិលេខប្រាំមួយត្រង់ចំណុចភូមិសាស្ត្រ ភូមិស្ពានគ្រង ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

ថ្លែងនៅក្នុងឱកាសនេះលោក សាយ គឹមឡម បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅនិងអាស្រ័យផលលើដីចំណីផ្លូវ អមសង្ខាងផ្លូវជាតិលេខ៦ ទាំងអស់គ្នា សូមជួយថែរក្សាផ្លូវជាតិនិងចំណីផ្លូវដើម្បី គុណភាពផ្លូវប្រើប្រាស់បានយូរអង្វែង មានសោភ័ណភាពស្អាត ក៏ដូចជាដើម្បីបញ្ចៀស គ្រោះថ្នាក់ចរាចរណ៍ផ្សេងៗជាយថាហេតុផងដែរ។

ជាមួយគ្នានេះ លោកអភិបាលស្រុក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរឃុំចំណារក្រោម និងប្រជាពលរដ្ឋគ្រប់គេហដ្ឋានដែលបានសហការក្នុងការកៀរដីចំណីផ្លូវរំដោះទឹកកុំឲ្យដក់ស្ទះនៅលើ ថ្នល់ជាតិក៏ដូចជាដើម្បី ឲ្យផ្លូវជាតិចំណីផ្លូវមានសភាពធំទូលាយ លើសពីនេះទៀត។ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ក៏ដូចជាយុវជន សិស្សានុសិស្ស សូមចូលរួមទាំងអស់គ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាច្បាប់នៃការគ្រប់គ្រងផ្លូវថ្នល់ និងត្រូវបើកបរដោយពាក់មួកសុវត្ថិភាព ជាពិសេសគឺយុវជនក្នុងការធ្វើដំណើរទីជិតឆ្ងាយតាមរយៈទោចក្រយានយន្ត។

បន្ថែមលើសពីនេះទៀត លោកអភិបាលស្រុកស្ទោងក៏បានណែនាំដល់រដ្ឋបាលឃុំចំណាក្រោមត្រូវបន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋរបស់ខ្លួននូវច្បាប់ស្តីពីការគ្រប់ដីចំណីផ្លូវជាតិ ហើយណែនាំដល់ប្រជាពលរដ្ឋត្រូសុំច្បាប់អនុញ្ញាតជាមុនពីអាជ្ញាធរមានសមត្ថជាមុនសិនមុននឹងគាត់ចាក់ដីឬសាងសង់សំណង់ផ្សេងៗ។ លោក សាយ គឹមឡម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ និងសហការី ដែលតែងតែសហការ ជាមួយរដ្ឋបាលស្រុកស្ទោងក្នុងការជួសជុល ដាក់លូរ ថែរក្សា ផ្លូវជាតិនៅក្នុងភូមិសាស្ត្រស្រុកស្ទោងកន្លងមកក៏ដូចជាពេលនេះ។

គួរបញ្ជាក់ថា ការកៀរដីចំណីផ្លូវនៅក្នុងឱកាសនេះគឺមានប្រវែង៧០០ម៉ែត្រស្ថិតនៅក្នុងភូមិស្ពានគ្រង ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។