អភិបាលខេត្តព្រះវិហារ ស្នើដល់មន្ត្រីខេត្តគ្រប់លំដាប់ថ្នាក់ អោយបញ្ចប់វប្បធម៌អន្តរាគមន៍ និងត្រូវបញ្ចប់នូវអំពើអនាធិបតេយ្យ នៅក្នុងដែនដីរដ្ឋបាលខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានមានប្រសាសន៍បែបនេះ គឺក្នុងគ្រាដែលលោកអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល  នៃគណៈអភិបាលស្រុកឆែប​ថ្មី នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នៅសាលាស្រុកឆែប ខេត្តព្រះវិហារ ។

នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកឆែបថ្មី នាពេលនោះ ក៏មានការអញ្ជើញចូលរួមពី ប្រធានក្រុមប្រឹក្សាខេត្ត លោក ប្រាក់ សុវណ្ណ ,ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ប្រធានអង្គភាពកងកម្លាំងទាំង៣ និងមន្ត្រីនៅថ្នាក់មូលដ្ឋាន ក៏ច្រើនកុះករ ផងដែរ ។

យោងតាមអនុក្រឹត្យរបស់ រាជដ្ឋាភិបាល លេខ៦៦២ អនក្រ.តត ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានសម្រេចតែងតាំង លោក ឡង់ សុបិន ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៤ ឲ្យកាន់មុខតំណែងជា អភិបាល នៃគណៈអភិបាលស្រុកឆែប ជំនួសមុខតំណែង លោក សុខ សាន្តដារ៉ា ដែលត្រូវបានតែងតាំងជា អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ ។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី​ បានថ្លែងថា ការតែងតាំងមុខតំណែង អភិបាល នៃគណៈអភិបាលស្រុកឆែប នាថ្ងៃនេះ គឺ ស្របតាមគោលការណ៍ច្បាប់ លិខិត បទដ្ឋានគតិយុត្ត  និងជាតម្រូវការចាំបាច់ នៃសំណូមពរការងារ  បំពេញមុខតំណែង ដែលនៅទំនេរ ។

លោកអភិបាលខេត្ត បានថ្លែង ដោយសំដែង នូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ កងកម្លាំង  និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅទូទាំងស្រុកឆែប ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងរួមគ្នា រហូតសម្រេចបាន នូវសមិទ្ធផលនានានាជាច្រើន នៅក្នុងដែនដីរដ្ឋបាលស្រុកឆែបនេះ ។

​     អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី​ បានថ្លែង ជំរុញដល់អង្គភាពកងកម្លាំង ក៏ដូចមន្ទីរជំនាញ  ត្រូវចុះបង្រ្កាបបទល្មើសអាជីកម្មជីករុករករ៉ែ  បែបអានាធិបតេយ្យ (អត់ច្បាប់) ស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ ។ លោកថា ចំពោះសហគមន៍ ឬ ក្រុមហ៊ុន ត្រូវណែនាំឱ្យពួកគាត់ទៅធ្វើអាជ្ញាប័ណ្ណពីក្រសួងពាក់ព័ន្ធ  បង់ពន្ធជូនរដ្ឋ  ដើម្បីបានចំណូលអភិវឌ្ឍន៍មូលដ្ឋានរបស់យើង។

លោកអភិបាលខេត្ត បានស្នើដល់មន្ត្រីខេត្តគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ត្រូវបញ្ចប់នូវវប្បធម៌អន្ដរាគមន៍  និង ត្រូវបញ្ចប់ជាបន្ទាន់ នូវអំពើអានាធិបតេយ្យ នៅក្នុងដែនដីខេត្តព្រះវិហារ ហើយក៏សូមលើកទឹកចិត្ត ឱ្យធ្វើអាជីវកម្មស្របច្បាប់ និងប្រសិនបើស្របច្បាប់ នោះខេត្តនឹងមិនទុកឱ្យលើសពី ២៤ម៉ោងនោះទេ លោកនឹងសម្រេចជូនភ្លាម ។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែងបញ្ជាក់ថា ដីមានតែ ២ទេ គឺដីរដ្ឋ  និងដីរាស្ដ្រ  បើដីប្រជាពលរដ្ឋ សូមធ្វើប្លង់ឱ្យពួកគាត់ទៅ កុំទុកអូសបន្លាយតទៅទៀត  ក្នុងន័យនេះ ក៏យើងដឹងដែរថា  ដីក្នុងដែនបរិស្ថាន មានដីតំបន់អភិរក្ស ដីស្នូល  និងដីអភិរក្សរបស់សហគមន៍  ដែលមានច្បាប់ចេញពីក្រសួងបរិស្ថាន ។  ប៉ុន្តែ ការធ្វើប្លង់ដីជូនប្រជាពលរដ្ឋ  ក៏មិនចេះតែធ្វើតាមការនឹកឃើញនោះទេ  ត្រូវគិតឱ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន ។

លោកអភិបាលខេត្ត បានណែនាំដល់ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ជាពិសេស លោកអភិបាលស្រុក ដែលទើបបានចូលកាន់មុខតំណែងថ្មី និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ត្រូវរួបរួម និងសហការគ្នា អនុវត្តការងារជាសំខាន់ៗ ឲ្យបានល្អប្រសើរ ៕ដោយ៖ឡុង សំបូរ