អភិបាលខេត្តកំពង់ចាម​ ជួបសំណេះសំណាលជាមួយមន្រ្តីរាជការសាលាខេត្ត​ និវត្តជន​ និងអតីតយុទ្ធជនកម្ពុជា នាឱកាស​​បុណ្យ​ភ្ជុំបិណ្ឌ​

0

កំពង់ចាម:​ ឯកឧត្តម អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ និង​ឯកឧត្តម​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ នាព្រឹក​ថ្ងៃ​ទី២២ ខែកញ្ញា​​ ឆ្នាំ​២០២២​នេះ​ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការសាលាខេត្ត​ និវត្តជន​ និងអតីតយុទ្ធជនកម្ពុជា នាឱកាស​​បុណ្យ​ភ្ជុំបិណ្ឌ​ ប្រមាណ​ជា​ង៤០០នាក់ ​នៅសាលា​ខេត្ត​កំពង់ចាម​។

ថ្លែងក្នុង​ពិធី​នោះ​ ឯកឧត្តម អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានកោតសរសើរ​ និងវាយតម្លៃខ្ពស់រាល់ការខិតខំប្រឹងប្រែងរបស់មន្រី្ដរាជការសាលាខេត្តទាំងអស់​ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អ​ និងបន្តជំរុញលើកកម្ពស់ប្រសិទ្ធភាពការងារបន្ថែមទៀត​ ពិសេលការផ្តល់សេវាសារធារណៈ​ ដែលមានក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុង​ នីតិកាល​ទី៦នេះ​ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី​កម្ពុជា​ ។

ឯកឧត្តមអភិបាលខេត្ត​ បាន​​បន្តថា នេះជាការជួបជុំគ្នា​តាម​គំរូ​ថ្នាក់ដឹកនាំ​មុន​ៗ​ ជាពិសេស​គឺ​ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង​ អតីត​អភិបាល​ខេត្តកំពង់ចាម​ តែងតែ​ធ្វើ​ឡើង​ សម្រាប់ឱកាស បុណ្យភ្ជុំបិណ្ឌ​​ ជាធម្មតាក្នុងឱកាសបុណ្យប្រពៃណីរបស់ជាតិយើង​ មានបុណ្យធំៗ​ ដល់​ទៅ២ គឺរដូវបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មី​ (លេីក​លែង​តែ​ពេល​មាន​ការ​ផ្ទុះ​នូវ​ជំងឺ​កូវីដ​១៩កន្លង​ទៅ​ថ្មីៗ​នេះ) ដែលជាទំនៀមទម្លាប់ប្រពៃណីជាតិម្តងៗ រដ្ឋបាលសាលាខេត្តយើងតែងតែបានធ្វើពិធីជួបសំណេះសំណាល​ ជាមួយបងប្អូនជាមន្ត្រីចូលនិវត្តន៍ ដែលជារាមច្បង និងបងប្អូនមន្ត្រីរាជការ កម្មករ រដ្ឋបាលសាលាខេត្តកំពង់ចាមទាំងអស់​ ព្រមទាំងឧបត្ថម្ភនូវថវិកា​មួយចំនួន​ ដើម្បី​ឲ្យ​បងប្អូនយកទៅប្រើប្រាស់ទៅតាមតម្រូវការ​ ដោយឡែក​ឆ្នាំ​នេះ​មានទាំង​និវត្តជន​ និង​អតីត​យុទ្ធជន​កម្ពុជា​ ប្រមាណ​ជា២០០នាក់ផងដែរ​។

ជាមួយគ្នានោះ​ ឯកឧត្តម អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានធ្វើ​ការ​ផ្តាំផ្ញេី​ដល់​ថ្នាក់ដឹកនាំ​ប្រធាន​​អង្គភាព​ មន្ត្រី​រាជការ​ ​និវត្តជន​ និង​អតីត​យុទ្ធជន​ទាំងអស់​ កុំឲ្យមានការពាក់ព័ន្ធ​ជាមួយ​ការ​លេងល្បែង​ស៊ីសង​ខុសច្បាប់​ កុំអន្តរាគមន៍​ កុំនៅពីក្រោយ និង​កុំ​លាក់បាំង​ ពោលគឺ​ត្រូវ​ចូលរួម​អនុវត្ត​ការ​បង្ក្រាប​ល្បែង​ស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ដែលជា​ការ​ជួយ​សង្គ្រោះ​ ដល់ប្រជាពលរដ្ឋ​ឲ្យ​រួចផុត​ពី​ភាព​ក្រីក្រ​ ក៏ដូចជា​ការ​លេីក​ស្ទួយ​ដល់ជីវភាព​គ្រួសារ​ ព្រមទាំង​ធ្វើ​ឲ្យ​​ភូមិ​-ឃុំ​មាន​សុវត្ថិភាព​ផងដែរ​ ៕​​