មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ប្រកាសផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន រថយន្តធុនធ្ងន់គ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ៩ ក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ ដោយសារស្ថានភាពជំនន់ទឹកភ្លៀង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ បានប្រកាសផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ៩ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកឆែប ខេត្តព្រះវិហារ នាម៉ោង ៣ រសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ នេះ ។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានបញ្ជាក់ថា ការសម្រេចផ្អាកការធ្វើចរាចរណ៍បណ្តោះអាសន្ន រថយន្តធុនធ្ងន់គ្រប់ប្រភេទនាថ្ងៃនេះ មន្ទីរបានអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល និង អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ។

លោក សំ លាងទ្រី បានបន្តថា ដោយសារស្ថានភាពគ្រោះជំនន់ទឹកភ្លៀង បានបន្តឡើង រហូតដល់កម្រិតប្រកាសអាសន្ន ធ្វើឱ្យផ្លូវថ្នល់ ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្ត ដឹក ទំនិញធុនធ្ងន់បានទេ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សូមធ្វើការបិទចរាចរណ៍ទាំងស្រុង ជាបណ្តោះអាសន្ន ចំពោះរថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ៩ ចាប់ពីចំណុច គីឡូម៉ែត្រលេខ៥៦០ ដល់គីឡូម៉ែត្រលេខ៥៦១ ស្ថិតក្នុងភូមិម្លូព្រៃ ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានសេចក្តីជូនដំណឹងសារជាថ្មី ដើម្បីថែរក្សាផ្លូវថ្នល់ ស្ពាន កុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍ ប្រកបដោយ សុវត្ថិភាព។

លោក សំ លាងទ្រី បានបញ្ជាក់ទៀតថា មន្ទីរសាធារណការខេត្ត មានក្តីសង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ នឹងចូលរួមអនុវត្តតាម សេចក្តីជូនដំណឹងនេះ ដោយស្មារតីយោគយល់ និងសហការ ជាមួយយើងខ្ញុំ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកថែរក្សាផ្លូវថ្នល់ ស្ពាន ឱ្យប្រើប្រាស់បានយូរអង្វែង។

លោក សំ លាងទ្រី បានបញ្ជាក់ទៀតថា រហូតមកលទល់នឹងល្ងាចថ្ងៃដដែលនេះ ស្ថានភាពជំនន់ទឹកភ្លៀង លើកំណាត់ផ្លូវជាតិលេខ៩ បានចាប់ផ្តើមស្រកវិញជាបន្តបន្ទាប់ហើយ គឺ(ស្រកមួយតឹកកន្លះ)។ លោកថា ប្រសិនបើមិនមានភ្លៀងធ្លាក់ទៀតនោះទេ នៅវេលាយប់នេះទឹកអាចនឹងស្រកចុះផុត ហើយស្ថានភាពចរាចរណ៍ ក៏អាចដំណើរការជាធម្មតាឡើងវិញ ៕ ដោយ៖ឡុង សំបូរ