​អអាជ្ញាធរខេត្តកំពង់ចាមរៀបចំ​ពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិបណ្ដែតប្រទីបតាំងពិពណ៌ និងអុចកាំជ្រួចដើម្បីចូលរួមអបអរពិធីបុណ្យចេញព្រះវស្សា​

0

កំពង់ចាម​:​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ដេីម្បីចូលរួមអបអរពិធីបុណ្យចេញព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ​ ដោយ​មាន​ការ​គាំទ្រ​ពី​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ យឹម​ ឆៃលី​ និង​ឯកឧត្ដម​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ គណៈកម្មការថ្នាក់ខេត្ត នឹងរៀបចំពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ បណ្តែតប្រទីប តាំងពិពណ៍ និងអុចកាំជ្រួច នៅក្រុង​កំពង់ចាម​ ​ដូច្នេះ​​សូមឲ្យ​​បងប្អូន​ប្រជាពលរដ្ឋ​​ អញ្ជើញ​មក​ចូលរួម​ដោយ​សប្បាយ​រីករាយ​ក្នុង​ការ​ទស្សនា​កម្សាន្ត​ ។ ​

ក្នុងកិច្ចប្រជុំ​បំណែងចែកភារកិច្ចសម្រាប់​ពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប តាំងពិពណ៌ និងអុចកាំជ្រួច នាព្រឹកថ្ងៃទី​៣០​ ខែកញ្ញា​ ឆ្នាំ​២២២​នេះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បាន​ស្នើ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ ធ្វើយ៉ាងណា​ត្រូវ​សហការ​គ្នា​ ដេីម្បី​​ពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈនៅក្នុងក្រុង​កំពង់ចាម​ ឲ្យ​បាន​ល្អ​ប្រសើរ​ ពោលគឺ​ត្រូវ​បង្ក​លក្ខណៈ​ងាយស្រួល​ ទាំង​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ ដោយឡែកក្រុម​កីឡាករ​ទាំងអស់​ ត្រូវ​ខិតខំ​​គោរព​វិន័យ​ ជាពិសេស​ត្រូវ​​គោរព​តាម​លក្ខន្តិកៈ​ របស់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ ឲ្យ​បាន​ខ្ជាប់ខ្ជួន​ ហើយ​ត្រូវ​ខិតខំ​ធ្វើការ​​ហ្វឹកហាត់​ផងដែរ​ ។

ជាមួយ​គ្នា​នោះ​ រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក លោក-លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ម្ចាស់ក្រុមហ៊ុន ពាណិជ្ជករ អាជីវករនានា និងលោក-លោកស្រី សូមមេត្តាជួយឧបត្ថម្ភ គ្រាំទ្រជាថវិកា និងសម្ភារៈផ្សេងៗដល់គណៈកម្មការខេត្តរៀបចំពិធីប្រណាំងទូក នៅខេត្តកំពង់ចាម ដើម្បី ផ្តល់លទ្ធភាពដល់គណៈកម្មការខេត្ត ក្នុងការទ្រទ្រង់ដល់ក្រុមកីឡាករអុំទូក និងចាត់ចែងរៀបចំពិធី ប្រណាំទូក នៅក្រុងកំពង់ចាម ឲ្យ​ឲ្យទទួលលទ្ធផលល្អប្រសើរផងដែរ​ ៕