អភិបាលរងខេត្តកំពង់ធំ ជួបសំណេះសំណាល សួរសុខទុក្ខ លោកយាយលោកតាចំនួន៥០គ្រួសារ ដែលមានជីវភាពខ្វះខាត និងរងគ្រោះប៉ះពាល់ដោយទឹកជំនន់ ស្ថិតក្នុងឃុំក្តីដូង ស្រុកកំពង់ស្វាយ

0

(កំពង់ធំ)÷ ឯកឧត្ដម ជា វ៉ាន់ចាន់ អភិបាលរងខេត្ត ជាប្រធាន ស ស យ ក ខេត្តកំពង់ធំ លោក ឡាង សារ៉ូ អភិបាលរងស្រុក តំណាងលោកអ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ ព្រះអង្គគ្រូធម្មបាលោ ជ សុចាយ ព្រះចៅអធិការវត្តឌួងសូរិយា(ហៅក្ដីដូង) និងជាព្រះមន្ត្រីសង្ឃស្រុកកំពង់ស្វាយ រួមជាមួយព្រះគ្រូសូត្រស្ដាំ ឆ្វេង ភិក្ខុសាមណេរ បានដឹកនាំរៀបចំទេយ្យទាន និងថវិកាជូនគ្រួសាររងគ្រោះផលប៉ះពាល់ទឹកជំនន់ និងគ្រួសារទីទ័លក្រពិតប្រាកដចំនួន៥០គ្រួសាត មកពីភូមិចំនួន០៤គឺ( ភូមិក្តីដូង ភូមិស្លែង ភូមិពាមគ្រែង ភូមិអូរសំបួរ និងភូមិត្រពាំងទុង ) ស្ថិតក្នុងឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រសៀលថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២២។

ព្រះអង្គគ្រូធម្មបាលោ ជ សុចាយ ព្រះចៅអធិការវត្តឌួងសូរិយា(ហៅក្ដីដូង) និងជាព្រះមន្ត្រីសង្ឃស្រុកកំពង់ស្វាយមានសង្ឃដីកាទៅដល់លោកយាយលោកតា ដែលបានទទួលអំណោយជាស្បៀងអាហារដែលព្រះអង្គគ្រូ បានប្រគេនជូនដោយផ្ទាល់ដៃ។ សម្រាប់ទេយ្យទាន និងថវិកាមួយចំនួនទាំងអស់នេះគឺបានមកពី ញាតិញោមពុទ្ធបរិស័ទដែលមានសទ្ធាស្រះថ្លា ប្រគេនដល់វត្តឌួងសុរិយា(ហៅវត្តក្តីដូង) ចាប់ពីបិណ្ឌទី១ រហូតដល់បុណ្យភ្ជុំបិណ្ឌ។ អាស្រ័យហេតុនេះហើយ ខ្ញុំព្រះករុណាអាត្មាភាព ក៏បានរៀបចំអំណោយបន្តិចបន្តួចប្រគេនដល់លោកយាយលោកតាដែលមានជីវភាពខ្វះខាត ដើម្បីដោះស្រាយនូវជីវភាពបានមួយកម្រិត។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ជា វ៉ាន់ចាន់អភិបាលរងខេត្តកំពង់ធំ ក៏បានមានប្រសាសន៍ថា ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ងួន រតនៈអភិបាលខេត្តកំពង់ធំ លោកតែងតែគិតគូរ និងយកចិត្តទុកដាក់ដល់គ្រួសារដែលងាយរងគ្រោះមួយចំនួន។ ដោយសង្កេតឃើញទុក្ខលំបាករបស់លោកយាយលោកតាព្រមទាំងជួបនូវការរងគ្រោះដោយទឹកជំនន់ មានការរាំងស្ទះមិនអាចប្រកបមុខរបរចិញ្ចឹមជីវិតបាននោះទេ។ ឯកឧត្តមក៏បានបន្តទៀតថា សូមលោកយាយលោកតាទាំងអស់ ចូលរួមថែរក្សាសុខភាពអនាម័យបីប្រការគឺ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត) ដើម្បីការពារជំងឺអសន្នរោគ។

ជាចុងក្រោយឯកឧត្តមអភិបាលរងខេត្ត ក៏បានអំពាវនាវដល់សប្បុរសជនក្នុងនិងក្រៅប្រទេសបន្ថែមទៀត ដើម្បីជួយឧបត្ថម្ភគាំទ្រជាសម្ភារៈ ឬថវិកាដើម្បីឧបត្ថម្ភដល់គ្រួសារដែលងាយរងគ្រោះ ពិសេសគឺកុមារកំព្រា និងជនពិការ។ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន មេត្តាប្រុងប្រយ័ត្នចំពោះក្មេងតូចៗ ព្រោះទឹកកំពុងតែហក់ឡើងខ្លាំង អាចបណ្ដាលឱ្យបាត់បង់ជីវិតដល់មនុស្ស និងសត្វ។

គួរបញ្ជាក់ផងដែរថា គ្រួសារទីទ័លក្រ និងរងគ្រោះដោយគ្រោះទឹកជំនន់ចំនួន៥០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន÷ អង្ករ ទឹកសុទ្ធ ឃីតមួយកញ្ចប់ និងថវិកាមួយចំនួនទៀតផងដែរ។