មន្ទីរព័ត៌មានខេត្តកំពង់ធំ បានបើកកិច្ចប្រជុំស្ដីពីសេចក្តីសម្រេចការបង្កើតគណៈកម្មការរៀបចំប្រណាំងទូកខេត្តកំពង់ធំ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩-១០ ខែតុលាឆ្នាំ២០២ ខាងមុខនេះ

0

(កំពង់ធំ)÷ លោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំសេចក្តីសម្រេចស្ដីពីការបង្កើតគណៈកម្មការរៀបចំប្រណាំងទូកខេត្តកំពង់ធំ ចាប់ពីថ្ងៃទី០៩-១០ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីអនុប្រធានមន្ទីរ ប្រធាន/អនុប្រធានការិយាល័យទាំង៥ និងមន្ត្រីទាំងអស់នៅក្នុងមន្ទីរព័ត៌មានខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។

នៅក្នុងកិច្ចប្រជុំនេះផងដែរលោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំក៏បានលើកឡើងពី សេចក្តីប្រកាសលេខ២៤១ ពម ប្រកប ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ របស់ក្រសួងព័ត៌មាន និងសេចក្តីសម្រេច ស្ដីពីការបង្កើតគណៈកម្មការរៀបចំការប្រណាំងទូកកំពង់ធំ លេខ១១៧ សសរ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ របស់មន្ទីរព័ត៌មានខេត្តកំពង់ធំ។

លោកជំទាវប្រធានមន្ទីរព័ត៌មាន បានមានបន្តទៀតថា ការបង្កើតអនុគណៈកម្មការមួយចំនួនជាជំនួយការឲ្យគណៈកម្មការដែលមានសមាសភាពមានដូចខាងក្រោម÷ ១. អនុគណៈកម្មការចាត់ការទូទៅ មានភារកិច្ចទទួលពិនិត្យការងាររួម និងដោះស្រាយរាល់បញ្ហាទាំងឡាយជុំវិញការរៀបចំពិធីប្រណាំងទូក។ ២. អនុគណៈកម្មការថតវីដេអូ មានភារកិច្ចទទួលពិនិត្យមើលកាមេរ៉ា ចូលរួមថតធ្វើការជាមួយក្រុមការងារខ្សែកាបអង្គរ ធ្វើយ៉ាងណាដោះស្រាយ ធ្វើឲ្យបានរូបភាពច្បាស់ល្អ តាមកញ្ចក់ទូរទស្សន៍ ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ។ ៣.អនុគណៈកម្មការផ្សាយតាមវិទ្យុ និងមេក្រូតាមទីតាំងមានភារកិច្ចធ្វើយ៉ាងណាយកសម្លេងឱ្យចូលវិទ្យុ មើលមេក្រូចល័តឲ្យបានច្បាស់ល្អ ដើម្បីបានដល់ប្រជាពលរដ្ឋ។ ៤. អនុគណៈកម្មការអានសប្បុរសជន មានភារកិច្ចកត់ និងអានឈ្មោះសប្បុរសជន ត្រូវពិនិត្យមើលការងារ ថវិកាឲ្យបានច្បាស់មុននឹងអាន។ ៥. អនុគណៈកម្មការអានឈ្មោះទូក មានភារកិច្ចមើលឈ្មោះទូកគូរប្រកួត ពិនិត្យឲ្យបានត្រឹមត្រូវមុននឹងអាន។ ៦. អនុគណៈកម្មការយាមស្ថានីយទូរទស្សន៍ មានភារកិច្ចត្រួតពិនិត្យធ្វើតេសសាកល្បងការឡាយឲ្យបានច្បាស់ ទាំងរូបភាព ទាំងសម្លេង ច្បាស់ល្អ។ ៧. អនុគណៈកម្មការយាមវិទ្យុ មានភារកិច្ចពិនិត្យធ្វើតេស្តវិទ្យុ ក្នុងការឡាយធ្វើយ៉ាងណាឲ្យមានសម្លេងលឺច្បាស់ សហការគ្នាឲ្យសំឡេងឲ្យបានច្បាស់លាស់។

ជាចុងក្រោយលោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មាន ក៏បានផ្ដាំផ្ញើ និងសំណូមពរដល់ក្រុមការងារទាំងអស់ត្រូវយកចិត្តទុកដាក់ បំពេញតួនាទី/ភារកិច្ចរបស់ខ្លួនឲ្យចំគោលដៅ នៅថ្ងៃបុណ្យអុំទូកដែលប្រព្រឹត្តទៅនៅថ្ងៃទី០៩-១០ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ។