អភិបាលខេត្តកំពង់ចាម​ ដឹកនាំក្រុមការងារចុះ​ពិនិត្យទីតាំងរៀបចំ​ពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលា​នេះ

0

កំពង់ចាម​:​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​៣​ ខែតុលា​ ឆ្នាំ​២០២២​នេះ​ បាន​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​មូលដ្ឋាន​ អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​រៀបចំពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ បណ្តែតប្រទីប តាំងពិពណ៍ និងអុចកាំជ្រួច នៅក្រុង​កំពង់ចាម ដេីម្បីចូលរួមអបអរពិធីបុណ្យចេញព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ​ ។

បេីតាម​លិខិត​ជូន​ដំណឹង​របស់​រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបដល់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាមឲ្យបានជ្រាបថា ដើម្បីថែរក្សាប្រពៃណី លើកស្ទួយវិស័យកីឡាអុំទូក និងបង្កបរិយាកាសសប្បាយរីករាយរបស់បង ប្អូនប្រជាពលរដ្ឋក្រោមម្លប់សុខសន្តិភាព។ រដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ នៅក្រុងកំពង់ចាម ក្នុងថ្ងៃចេញព្រះវស្សា ព.ស.២៥៦៦ ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១២.០០នាទី នៅវេទិការអុំទូក ស្ថិត​ក្នុង​ភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ។ ដោយនៅពេលរាត្រី មានការរៀបចំបណ្ដែតប្រទីប និងអុចកាំជ្រួច។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏នឹងរៀបចំការតាំងពិព័រណ៍សមិទ្ធផលរបស់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងពិព័រណ៍ភូមិមួយផលិតផលមួយ ព្រមទាំង​មាន​ការប្រគុំតន្ត្រីមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៩-១០-១១ ខែតុលា ឆ្នាំ២០២២ ។
ជាមួយ​គ្នា​នោះ​ រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក លោក-លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ម្ចាស់ក្រុមហ៊ុន ពាណិជ្ជករ អាជីវករនានា និងលោក-លោកស្រី សូមមេត្តាជួយឧបត្ថម្ភ គ្រាំទ្រជាថវិកា និងសម្ភារៈផ្សេងៗដល់គណៈកម្មការខេត្តរៀបចំពិធីប្រណាំងទូក នៅខេត្តកំពង់ចាម ដើម្បី ផ្តល់លទ្ធភាពដល់គណៈកម្មការខេត្ត ក្នុងការទ្រទ្រង់ដល់ក្រុមកីឡាករអុំទូក និងចាត់ចែងរៀបចំពិធី ប្រណាំទូក នៅក្រុងកំពង់ចាម ឲ្យ​ឲ្យទទួលលទ្ធផលល្អប្រសើរផងដែរ​ ៕