​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​ចុះបង្ក្រាប​ទីតាំង​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ឃាត់ខ្លួន​មនុស្ស​៨​នាក់ និង​វត្ថុតាង​ជាច្រើន​

0

ភ្នំពេញ ៖ ទីតាំង​ជួញដូរ​និង​ប្រើប្រាស់​គ្រឿង​ញឿ​ន មួយកន្លែង ស្ថិតនៅ​ផ្ទះ​លេខ​២៤B ផ្លូវ​លេខ​៦៦៦ ក្រុម​១ ភូមិ​១ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៤ ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ខណ្ឌទួលគោក ដឹកនាំ​ដោយ​លោក ហោ លី​ណា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក ប៊​ន សំអាត ប្រធានការិយាល័យ ចុះ​ឡោមព័ទ្ធ​បង្ក្រាប ឃាត់ខ្លួន​បាន​ជនសង្ស័យ ប្រុស​ស្រី​ចំនួន​៨​នាក់ រួម​នឹង​វត្ថុ​មួយចំនួន​ក្នុងការ​ដាក់បន្ទុក ។​

​លោក ប៊​ន សំអាត បាន​ឲ្យ​ដឹង​ក្រោយ​ការបង្ក្រាប​ថា បន្ទាប់ពី​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ ជួញដូរ​គ្រឿង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បន្ទាប់ពី​បាន​ចុះ​ស្រាវជ្រាវ ស៊ើបអង្កេត​ដឹងថា ទីតាំង​ខាងលើ​មាន​ប្រព្រឹត្ត​បទល្មើស​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន លោក​ក៏បាន​សុំ​គោលការណ៍​ពី ព្រះរាជអាជ្ញា និង​សុំ​ការសហការ​ជាមួយ​នគរបាល​ខណ្ឌទួលគោក ដើម្បី​ចុះ​ឡោមព័ទ្ធ​បង្ក្រាប​ទីតាំង​ខាងលើ ។

លោក​បាន​បន្តទៀតថា ក្នុង​ប្រតិបត្តិការ​នោះ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៨​នាក់ រួមមាន ៖ ១-​ណៃ ម៉េង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​, ២-​អែល សារិន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​, ៣-​មាស ចិន្តា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ​, ៤-​ច័ន្ទ ម៉ី​ម៉ី ភេទ​ស្រី អាយុ​២២​ឆ្នាំ​, ៥-​សេង សំណាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ៦-​ជុំ កញ្ញា ភេទ​ស្រី អាយុ​១៧​ឆ្នាំ​, ៧-​ម៉ៅ លក្ខិណា ភេទ​ស្រី អាយុ​៣៧​ឆ្នាំ និង​៨-​ម៉ៅ ស្រី​ខួច ភេទ​ស្រី អាយុ​២២​ឆ្នាំ នឹង​ដកហូត​បាន​វត្ថុតាង​មាន​ម៉ា​ទឹកកក ជាង​២​ខាំ​, ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​១៣២​គ្រាប់​, កាំភ្លើងខ្លី​១​ដើម​ម៉ា​កឡុក​, រថយន្ត​មួយគ្រឿង ម៉ាក RAV4 មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2B-3923, ម៉ូតូ​១​គ្រឿង់​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ មួយគ្រឿង ពាក់​ស្លាក​លេខ​1CB-2754 ។ ​

បច្ចុប្បន្ន ជនសង្ស័យ​និង​វត្ថុតាង សមត្ថកិច្ច​បាន​បញ្ជូន​មកកាន់​ការិយាល័យ​ប្រឆាំង​ការជួញដូរ គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ ឈានដល់​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី ៕image image_3 photo